(វ៉ាស៉ីនតោន)៖ ប្រតិបត្តិករអគ្គិសនី North American Electric Reliability Corp (NERC) បានឲ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថាទឹកដីជាងពាក់កណ្តាល នៃសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃប្រទេសកាណាដា ដែលមានប្រជាជនប្រហែល ១៨០លាននាក់ អាចប្រឈមការខ្វះអគ្គិសនីអំឡុងពេលត្រជាក់ខ្លាំងក្នុង រដូវរងារនេះ ដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងការវាយតម្លៃពីរដូវរងាឆ្នាំ២០២៣-២០២៤ NERC ព្រមានថាលទ្ធភាពនៃការបង្កើតថាមពល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ចេញពីហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន ធម្មជាតិ បានគំរាមកំហែងឲ្យមានការអូសបន្លាយពេល និងភាពត្រជាក់លាតសន្ធឹងលើផ្ទៃដីដ៏ធំទូលាយ។ ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនាពេលថ្មីៗនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ការចែកចាយថាមពល ហើយអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់។ វាទំនងជាធ្វើឲ្យតំបន់ភាគខាងលិច ភាគឦសាន អាត្លង់ទិកកណ្តាល និងខាងត្បូងរបស់សហរដ្ឋអាមេរិក រួមទាំងខេត្តមួយចំនួនរបស់កាណាដា មានហានិភ័យខ្ពស់បំផុតសម្រាប់កង្វះការផ្គត់ផ្គង់អគ្គិសនី នៅក្នុង រដូវរងានេះ។ ក្រុមហ៊ុន Consolidated Edison ក្នុងទីក្រុងញូវយ៉ក ក៏បានប្រកាសអាសន្នផងដែរ ព្រោះតែខ្លួនកំពុងប្រឈមមុខនឹងការដួលរលំ នៃប្រព័ន្ធដំណើរការ ដែលអាចចំណាយពេលច្រើនខែ ក្នុងស្តារសេវាកម្មឡើងវិញ។

គួរបញ្ជាក់ថា NERC រួមជាមួយគណៈកម្មាការនិយតកម្មថាមពលសហព័ន្ធ បានជំរុញដល់សមាជិកសភារក្សាការផ្គត់ផ្គង់ឧស្ម័ន អំឡុងពេលត្រជាក់ខ្លាំង ដោយសំអាងថាធ្លាប់មានការដាច់ចរន្តអគ្គិសនី ក្នុងព្យុះរដូវរងា Elliott កាលពីខែធ្នូ ឆ្នាំ ២០២២៕

រូបភាពពី Reuters