(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថាចលនាប្រដាប់អាវុធហ៊ូទី នៅក្នុងប្រទេសយេម៉ែន បានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក MQ-9 Reaper បន្ទាប់ពីចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះអះអាងពី ការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង នៅឆ្នេរសមុទ្រយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចលនាប្រដាប់អាវុធហ៊ូទី ដែលបានអះអាងពីការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង បាននិយាយថាយន្ដហោះដ្រូន MQ-9 ត្រូវបាន បាញ់ទម្លាក់ អំឡុងធ្វើសកម្មភាពស៊ើបការណ៍ជាមួយផ្នែកមួយនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែល នៅក្នុងសង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស។ ក្រុមហ៊ូទី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ប្រព័ន្ធការពារដែនអាកាសរបស់យើងមានសមត្ថភាពបាញ់ទម្លាក់ យន្ដហោះដ្រូន MQ-9 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ខណៈកំពុងធ្វើសកម្មភាពអរិភាពក្នុងការស៊ើបការណ៍ និងតាមដាន នៅក្នុងដែនទឹកនៃ ប្រទេសយេម៉ែនជាផ្នែកមួយនៃការគាំទ្រពីយោធាអាមេរិកសម្រាប់អ៉ីស្រាអែល»

ជុំវិញការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទីនេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា «យើងអាចបញ្ជាក់បានថា យន្ដហោះដ្រូនអាមេរិក MQ-9 មួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រយេម៉ែន ដោយក្រុមហ៊ូទី»

គួរបញ្ជាក់ថា ចលនាប្រដាប់អាវុធហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងដែលបានគ្រប់គ្រងរដ្ឋធានីសាណានៃប្រទេសយេម៉ែន កាលពីឆ្នាំ២០១៤ មក បានបើកការវាយប្រហារដោយបាញ់មីស៊ីល និងយន្ដហោះដ្រូនជាច្រើនឆ្ពោះទៅរកអ៉ីស្រាអែល ហើយក៏បានព្រមានដែរថាពួកគេនឹងបន្ត បើកការវាយប្រហារ ប្រសិនបើអ៉ីស្រាអែលមិនព្រមបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សាទេនោះ៕

រូបភាពពី AFP