(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ថា បុរសម្នាក់នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានមនុស្សយន្តកិនស្លាប់ បន្ទាប់ពីម៉ាស៊ីននេះ ទំនងជាមិនអាចបែងចែករវាងគាត់ និងប្រអប់ទំនិញដែលវាកំពុងគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ហេតុការណ៍នេះបានកើតឡើង នៅពេលបុគ្គលិកនៃក្រុមហ៊ុនមនុស្សយន្តម្នាក់ដែលមានអាយុ ៤០ ឆ្នាំ កំពុងពិនិត្យមើលប្រតិបត្តិការរបស់ឧបករណ៍ចាប់សញ្ញារបស់មនុស្សយន្ត នៅមជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មក្នុងខេត្ត South Gyeongsang ។

ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានដកស្រង់របាយការណ៍របស់ប៉ូលីស បាននិយាយថាមនុស្សយន្តឧស្សាហកម្មកំពុងលើកប្រអប់មួយ ដែលពោរពេញទៅដោយម្ទេសបៃតង ហើយដាក់វានៅលើក្តារបន្ទះ នៅពេលដែលវាហាក់ដូចជាមានដំណើរការខុសប្រក្រតី ហើយបានសម្គាល់បុរសនោះថាជាប្រអប់ទំនិញ។

របាយការណ៍​បាន​និយាយទៀត​ថា បុរសនោះត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយ​មក​បាន​ស្លាប់។

គួរបញ្ជាក់ថា កាលពីខែមីនាឆ្នាំនេះ ក៏មានករណីមួយស្រដៀងគ្នានេះដែរ ដោយនៅពេលនោះមានបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងវ័យ ៥០ ឆ្នាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគាត់ត្រូវបានកិនដោយមនុស្សយន្ត ខណៈពេលកំពុងធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយ៕