(CAMBRIDGE)៖ នៅក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិ ក៏ដូចជានៅឯគ្រប់កិច្ចប្រជុំអន្តរជាតិធំៗ ដូចជាមហាសន្និបាត UN គេតែងតែឮជាប្រចាំនូវពាក្យ «Global South»។ ជាឧទាហរណ៍ អ្នកអត្ថាធិប្បាយមួយចំនួនបានព្រមានថាសង្រ្គាមជើងគោកចូលទៅក្នុងតំបន់ហ្កាហ្សា អាចនឹងធ្វើឱ្យអ៉ីស្រាអែលបាត់បង់ ការគាំទ្រ ឬឃ្លាតឆ្ងាយពី Global South។ មិនតែប៉ុណ្ណោះ គេក៏ឮជាប្រចាំផងដែរថា Global South អំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន។ ដូច្នេះថា តើអ្វីទៅជា «Global South»?

ជាលក្ខណៈភូមិសាស្ត្រ ពាក្យ «Global South» គឺសំដៅលើប្រទេសចំនួន ៣២ ស្ថិតនៅក្រោមខ្សែអេក្វាទ័រ (នៅក្នុងអឌ្ឍគោលខាងត្បូង) ធៀបទៅនឹង ប្រទេសចំនួន ៥៤ ដែលស្ថិតនៅអឌ្ឍគោលខាងជើង។ ប៉ុន្តែ វានៅតែមានការយល់ច្រឡំចំពោះការប្រើពាក្យ Global South តំណាងឱ្យប្រជាជនភាគច្រើន នៃសកលលោក ខណៈ ភាគច្រើននៃប្រជាជនសកសលោកគឺស្ថិតនៅលើខ្សែអេក្វាទ័រ។ ឧទាហរណ៍ ឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលើពិភពលោក និងចិនបច្ចុប្បន្នធ្លាក់មកនៅ លេខ២ កំពុងប្រជែងគ្នាធ្វើជាមេដឹកនាំនៃក្រុមប្រទេស Global South។ តែធាតុពិតទាំងឥណ្ឌា និងចិន គឺស្ថិតនៅអឌ្ឍគោលខាងជើង។

នៅអំឡុងសង្រ្គាមត្រជាក់ បណ្ដាប្រទេសដែលមិនជ្រើសរើសឈរនៅខាងប្លុកសហរដ្ឋអាមេរិក ឬប្លុកសូវៀត ត្រូវបានគេចាត់ទុកថាជា «ប្រទេសតតិយលោក ឬ Third World» ដែលនាំគ្នាបង្កើតជាចលនាមិនចូលបក្សសម្ព័ន្ធ។ រហូតដល់ក្រោយសូវៀតរលំរលាយនៅឆ្នាំ១៩៩១ ទើបពាក្យប្រទេសតតិយលោកនេះ សាបរលាប និងលេចចេញជាពាក្យថ្មីមួយទៀត គឺ«ក្រុមប្រទេសមិនសូវមានការអភិវឌ្ឍ»។ ប៉ុន្តែ ពាក្យថាប្រទេសមិនសូវមានការអភិវឌ្ឍនេះ មិនទទួលបាន ការគាំទ្រនោះទេ ដូច្នេះហើយទើបគេនាំគ្នាហៅ «ក្រុមប្រទេសកំពុងអភិវឌ្ឍវិញ»។

គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំក្រុមប្រទេស BRICS ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថាអាហ្សង់ទីន អេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាសមាជិក BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ BRICS ត្រូវបានក្រុមអ្នកវិភាគខ្លះចាត់ទុកថាជាតំណាង ក្រុមប្រទេស Global South។ ប៉ុន្តែ ប្រេស៊ីល និងអាហ្រ្វិកខាងត្បូងគឺគ្រាន់តែជាសមាជិកមកពីអឌ្ឍគោលខាងជើងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត BRICS គឺជាអង្គការមួយមានភាពស្មុគស្មាញ ដ្បិតសមាជិកខ្លះថែមទាំងមានជម្លោះនឹងគ្នាទៀតផង។

តួយ៉ាង ឥណ្ឌា និងចិន មានជម្លោះព្រំដែននៅតាមជួរភ្នំហិរមាល័យ ហើយអេត្យូពី និងអេហ្ស៉ីប មានជម្លោះនឹងគ្នាពាក់ព័ន្ធនឹងទន្លេនីល ខណៈអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែយ៉ាងណាក៏ដោយ សព្វថ្ងៃការគាំទ្រពីប្រទេស Global South គឺពិតជាមានសារៈសំខាន់បំផុត នៅក្នុងបរិបទនៃការប្រជែងគ្នារបស់ពួកកំពូលមហាអំណាច ពីព្រោះថាពួកគេម្នាក់ៗមានសំឡេងបោះឆ្នោតមួយ នៅឯ UN។ ការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធឱ្យ រុស្ស៉ីបញ្ឈប់សង្រ្គាមប្រឆាំងអ៊ុយក្រែនទទួលបរាជ័យ ត្រូវបានគេមើលឃើញថា ក៏ដោយសារតែខ្វះការចូលរួមពីក្រុមប្រទេស Global South ដែរ៕