(ប៉ារីស)៖ ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា តំណាងអ៊ីស្រាអែល នឹងមិនចូលរួមក្នុង «សន្និសីទមនុស្សធម៌» សម្រាប់តំបន់ហ្គាហ្សានាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទីក្រុងប៉ារីស ដែលរៀបចំដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទោះយ៉ាងណា មន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោក Macron បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធនេះ ក្នុងលក្ខខណ្ឌមិនបេញ្ចេញឈ្មោះថា អ៊ីស្រាអែលដូចជារដ្ឋាភិបាលផ្សេងទៀតគឺ «ចាប់អារម្មណ៍លើការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពមនុស្សធម៌នៅហ្គាហ្សា»។

វិមាន Elysee បានបន្ថែមថា កាលពីថ្ងៃអង្គារ លោក Macron បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយពួកគេនឹងនិយាយម្តងទៀតនៅពេលដែលសន្និសីទជំនួយបានបញ្ចប់។

ការិយាល័យប្រធានាធិបតីបារាំងបាននិយាយទៀតថា ប្រធានាធិបតីបារាំងក៏បានពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និងមេដឹកនាំប្រទេសកាតា Sheikh Tamim bin Hamad Al Thani កាលពីថ្ងៃអង្គារ។ ប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ ក្នុងការប៉ុនប៉ងនាំយកជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាជាងមួយខែ បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបានបង្កឱ្យមានសង្គ្រាមបង្ហូរឈាមបំផុត មិនធ្លាប់មាននៅក្នុងតំបន់ហ្គាហ្សា។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមយុទ្ធជនហាម៉ាស់បានវាយលុកព្រំដែនពីតំបន់ហ្គាហ្សាចូលប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ខ្មាំងជាង ២៤០ នាក់។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា យុទ្ធនាការសងសឹកយោធាអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១០,៥០០ នាក់ ដែលភាគច្រើនជាកុមារ៕

រូបភាពពី Reuters