(ហ្គាហ្សា)៖ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្គាហ្សា រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសដែលហៅកាត់ថា G7 នៅថ្ងៃពុធសប្តាហ៍នេះបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ដើម្បីផ្តល់ជំនួយ និងជួយរំដោះចំណាប់ខ្មាំង និងស្វែងរកការវិលត្រឡប់ទៅកាន់ «ដំណើរការសន្តិភាពកាន់តែទូលំទូលាយ» ខណៈដែលកងកម្លាំងអ៊ីស្រាអែលបន្តវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងតូក្យូថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការការពារជនស៊ីវិល និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយយ៉ាងដូច្នេះថា «សមាជិក G7 បានប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយរយៈពេលវែង ប្រកបដោយនិរន្តរភាពសម្រាប់តំបន់ហ្គាហ្សា និងបន្តដំណើរការសន្តិភាពកាន់តែទូលំទូលាយ ស្របតាមស្តង់ដារដែលបានព្រមព្រៀងជាអន្តរជាតិ... យើងគាំទ្រការផ្អាកបាញ់សម្រាប់មនុស្សធម៌ និងបើកច្រករបៀងដើម្បីជួយសម្រួលដល់ជំនួយដែលត្រូវការជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំង»

ក្រុមរដ្ឋមន្ត្រីបានឯកភាពថា «ដំណោះស្រាយរដ្ឋពីរ... នៅតែជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាព យុត្តិធម៌ យូរអង្វែង និងសុវត្ថិភាព»

គួរបញ្ជាក់ថា នេះគឺជាសេចក្តីថ្លែងការណ៍រួមទីពីររបស់ G7 ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ០៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្ស ១,៤០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០,០០០ នាក់ ហើយប្រហែល ៤០ ភាគរយនៃពួកគេជាកុមារ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស៕

រូបភាពពី AFP