(មូស្គូ)៖ នៅថ្ងៃពុធនេះ រុស្ស៉ីបានប្រកាសឱ្យដឹងពីការដាក់ឈ្មោះចៅក្រមមួយរូបផ្សេងទៀត នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចូលទៅ​ក្នុងបញ្ជីរបស់ខ្លួន ស្តីពីបុគ្គលដែលត្រូវចាប់ខ្លួន ខណៈតុលាការនេះកំពុងស្វែងរក ការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធ​វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីប្រកាសមួយនៃក្រសួងមហាផ្ទៃរុស្ស៉ីបានឱ្យដឹងថា លោក Sergio Gerarde Ugaldo Godinez ដែលជាចៅក្រមជនជាតិកូស្តារីកា នៃតុលាការ ICC ត្រូវបានកត់ឈ្មោះជាបុគ្គលដែលត្រូវបានស្វែងរកការចាប់ខ្លួន នៅក្រោមក្របខណ្ឌនៃការស៉ើបអង្កេតព្រហ្មទណ្ឌ ប៉ុន្តែពុំមានការផ្តល់​ព័ត៌មានលម្អិតស្តីពីបទល្មើស ដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងលោក Godinez នោះឡើយ។

កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់ បានប្រកាសចេញដីកាបង្គាប់ឱ្យ​មានការចាប់ខ្លួនលោក ពូទីន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធទៅនឹងការចាប់បង្ខំកុមារដោយខុសច្បាប់ចេញពីអ៊ុយក្រែន អំលុងសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ។ តុលាការ ICC ក៏បានចេញដីកាចាប់ខ្លួនលោកស្រី Maria Lvova-Belova ដែលជាមន្រ្តី​ទទួលបន្ទុកសិទ្ធិកុមាររបស់ប្រទេសរុស្ស៉ី ក្រោមបទចោទប្រកាន់ស្រដៀងគ្នាផងដែរ។

រុស្ស៉ីដែលមិនមែនជាសមាជិក ICC បានអះអាងថា ដីកាចាប់ខ្លួនប្រឆាំងលោក ពូទីន គឺមិនមានសុពលភាពឡើយ។ ទោះជាបែបនេះក្តី ដីកានោះបានរឹតត្បិត ការធ្វើដំណើរចេញក្រៅប្រទេសរបស់លោក ពូទីន ខណៈបណ្តាប្រទេសទាំងឡាយ ដែលជាសមាជិក ICC គឺមាន​កាតព្វកិច្ចត្រូវអនុវត្តតាមដីការបស់តុលាការអន្តរជាតិមួយនេះ។ លោកប្រធានាធិបតីរុស្ស៉ី បានខកខានចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS នៅអាហ្រ្វិកខាងត្បូង កាលពីខែសីហា ព្រមទាំងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា កាលពីខែកញ្ញា។

គួរបញ្ជាក់ថា កន្លងមកនេះ ក៏រុស្ស៉ីបានកត់ឈ្មោះរដ្ឋអាជ្ញារបស់ ICC គឺលោក Karim Khan ព្រមទាំងចៅក្រម ICC មួយចំនួនរួចហើយ​ផងដែរ ចូលទៅក្នុងបញ្ជីរបស់ខ្លួន ស្តីពីបុគ្គលដែលត្រូវចាប់ខ្លួន។ កាលពីខែកញ្ញា ទីក្រុងមូស្គូបានដាក់ឈ្មោះប្រធានតុលាការ ICC លោក Piotr Hofmansk ចូលក្នុងបញ្ជីនោះ៕

រូបភាពពី Reuters