(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានបើកកិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធនេះ ជាមួយមន្រ្តីជាន់ខ្ពស់យោធាចិន ដើម្បីជជែកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax បានដកស្រង់សម្តីរបស់លោក Shoigu ដែលប្រាប់ទៅកាន់ លោកឧត្តមសេនីយ Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន យ៉ាងដូច្នេះថា «យើងមិនដូចប្រទេសលោកខាងលិចមួយចំនួន និងមិនបានបង្កើតប្លុកយោធានោះទេ។ ទំនាក់ទំនងរវាងរុស្ស៉ីនិងចិន គឺជាឧទាហរណ៍នៃការចូលរួមជាយុទ្ធសាស្ត្រ ដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នា»

គួរបញ្ជាក់ថា នេះជាគឺជាលើកទី ២ហើយដែល លោក Shoigu និងលោក Zhang បានជួបគ្នា ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃ គឺបន្ទាប់ពីកិច្ចពិភាក្សាក្រៅវេទិកាក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃ ទី៣០ ខែ តុលា៕