(ហ្កាហ្សា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅចំកណ្តាលបេះដូង នៃទីក្រុងហ្កាហ្សា (Gaza City) ក្នុងដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip) ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្ដេជ្ញាកម្ទេចក្រុមហាម៉ាស និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល ក្រោយសង្រ្គាមបញ្ចប់។

សង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស បានឈានចូលខែទី២ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសថាកងទ័ពអ៉ីស្រាអែល កំពុងធ្វើប្រតិបត្តិការដោយមានភាពរីកចម្រើនទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា និងកំពុងបង្កការលំបាកដល់ក្រុមហាម៉ាស។

គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានកើនឡើងដល់១០,៣០៥នាក់ ក្នុងនោះ៧០ភាគរយ ជាកុមារ ស្រ្តីភេទ និងជនវ័យចំណាស់។

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/159538