(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ បានសម្ពោធបើកនៅក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើង ក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក តួនាទីធំទាំងបួនរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ លើវិស័យបញ្ជាទិញអន្តរជាតិ ជំរុញការវិនិយោគ ផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយ មានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្នាំនេះ មានសហគ្រាសចំនួនសរុប៣៤០០បានចូលរួមពិព័រណ៍លើកនេះ ដែលបានកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅមិញ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនបានចូលរួម ពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងនោះលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលីដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាលើកដំបូងរំលងអស់រយៈពេល៧ឆ្នាំបានថ្លែងថា ជានិច្ចកាល លោកតែងតែកាន់អាកប្បកិរិយាវិជ្ជមាននិងសុទិដ្ឋិនិយម ចំពោះអនាគតសេដ្ឋកិច្ចចិន ហើយរីករាយរួមសហការជាមួយចិន ធ្វើការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យថាមពលស្អាត និងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីផ្តល់ផលប្រយោជន៍និងសុខសុភមង្គល កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ។

ឆ្នាំនេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានដឹកនាំស្ថាប័នពាណិជ្ជករចំនួន១៧ ដូចជាពាណិជ្ជករនាំចេញរបស់រដ្ឋIdaho រដ្ឋGeorgia សមាគមកសិផលថ្នាក់ជាតិ និងពាណិជ្ជករនាំចេញកសិផលជាដើម អញ្ជើញទៅចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ។ នេះជាលើកទីមួយហើយដែលអាមេរិកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ក្នុងនាមជារដ្ឋាភិបាលសហរដ្ឋ ហើយក៏ជាគណៈប្រតិភូកសិកម្មបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងលំដាប់ថ្នាក់ខ្ពស់ជាងគេតាំងពីឆ្នាំ២០១៦មក។ ក្រៅពីនេះ សហគ្រាសអាមេរិកដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ មានចំនួនលើសពី២០០សហគ្រាស ក្នុងនោះភាគច្រើនគឺមកពីវិស័យវត្ថុពាក់កណ្ដាលចម្លង ឧបករណ៍វេជ្ជសាស្ត្រ រថយន្តដើរដោយថាមពលថ្មីនិងគ្រឿងសំអាងជាដើម។

ឆ្លងតាមរយៈការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ ប្រទេសចិនបានបញ្ចេញព័ត៌មានយ៉ាងច្បាស់ ទៅកាន់ពិភពលោកជាថ្មីម្តងទៀតថា នឹងបន្តជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយបណ្តាប្រទេសនានា ទាក់ទិននឹងការនេះ លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃមហាសន្និបាតពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានថ្លែងថា ការងារសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព របស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ បានឈានចូល “ដំណាក់កាលពាក់កណ្ដាលបន្ទាប់” ប៉ុន្តែនៅតែប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ បណ្តាប្រទេសនានាចាំបាច់ត្រូវចាត់ប្រតិបតិ្តការ លើវិស័យនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់ឱកាសនិងវេទិកាដ៏ខ្លាំងក្លា។

អ្នកផងទាំងពួងបានដឹងជាទូទៅថា តាំងពីចូលឆ្នាំនេះមក ការស្តារសេដ្ឋកិច្ចសកលឡើងវិញមាននិន្នាការមិនសូវនឹងនរ ពាណិជ្ជកម្មសកលក៏ប្រឈមនឹងនិន្នាការធ្លាក់ចុះផងដែរ។ ក្នុងសភាពការណ៍បែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅ បីត្រីមាសដំបូងឆ្នាំនេះ នៅតែរក្សាបាននូវនិន្នាការដ៏ល្អប្រសើរដដែល។ ទិន្នន័យបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ គឺជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនពង្រីកការនាំចូល គឺបានបន្ថែមឱកាសនាំចេញ សម្រាប់បណ្តាប្រទេសនានាលើពិភពលោក ហើយក៏អាចបំពេញបន្ថែមកម្លាំងចលករដល់កំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសនានាផងដែរ។
ដូច្នេះ និយាយចំពោះបណ្តាប្រទេសនានាលើពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិគឺពោពេញទៅដោយកម្លាំងទាក់ទាញ ។

ឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ពាណិជ្ជករមកពីប្រទេសនានាមិនត្រឹមតែអាចបង្ហាញពី ផលិតផលដែលកាន់តែមានកម្លាំងប្រកួតប្រជែង នៅប្រទេសចិននិងបង្កើតជាលក្ខណៈសម្បតិ្ត សម្រាប់ដាក់លក់នៅទីផ្សារចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចស្គាល់មិត្តកាន់តែច្រើននិងស្វែងរក ឱកាសពាណិជ្ជកម្មកាន់តែច្រើនក្នុងក្របខណ្ឌពិភពលោកទាំងមូលទៀតផង ។ ខណៈពេលផ្សាយដំណឹងអំពីពិព័រណ៍នាំចូលចិនអន្តរជាតិ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា សកម្មភាពប្រចាំឆ្នាំនេះ មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មមួយលើកប៉ុណ្ណោះទេ សហគ្រាសបរទេសបានចាត់ទុកពិព័រណ៍នេះជាមធ្យោបាយ សម្រាប់បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាល សហគ្រាសនិងបុគ្គល។

ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែបានបង្ហាញឱ្យឃើញ នូវទំនួលខុសត្រូវរបស់ប្រទេសធំក្នុងការធ្វើឱ្យពាណិជ្ជកម្មសកល មានតុល្យភាពប៉ុណ្ណោះទេ ហើយក៏បានបង្ហាញឱ្យឃើញ នូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាបានឆ្លុះបញ្ចាំងនូវជំនឿចិត្តលើខ្លួនឯងរបស់ចិន ដែលនឹងរួមចំណែកដល់ពាណិជ្ជកម្មសកល និងបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងវេទិកាការទូតផ្នែកសេដ្ឋកិច្ចមួយនេះ ប្រទេសចិននឹងធ្វើឱ្យទីផ្សារធំរបស់ចិន ក្លាយជាទីផ្សារធំដែលអាចចែករំលែកជាមួយពិភពលោក ជួយជំរុញការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ដើម្បីបង្កើតពិភពលោកមួយដែលមានវិបុលភាព និងកិច្ចសម្របសម្រួលកាន់តែច្រើន ក៏ដូចជាបើកទំព័រថ្មីរបស់ពាណិជ្ជកម្មអន្តរជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន