(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol នឹងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងធ្វើឡើងក្នុងទីក្រុង San Francisco របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ នេះបើយោងតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ លោក Kim Tae-hyo បានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក Yoon ក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅឯចក្រភពអង់គ្លេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ស្តេច Charles ហើយបន្ទាប់មកធ្វើទស្សនកិច្ចនៅប្រទេសបារាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងស្វែងរក ការគាំទ្រសម្រាប់ការធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោកឆ្នាំ ២០៣០។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក Yoon ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ក្រោមការអញ្ជើញរបស់ស្តេច Willem-Alexander ដោយនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់ប្រធានាធិបតីកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៦១។

គួរបញ្ជាក់ថា ប្រទេសម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ឆ្នាំ ២០៣០ ត្រូវបានគេរំពឹងថានឹងសម្រេចនៅក្នុងខែវិចិ្ឆកានេះ តាមរយៈការបោះឆ្នោតរបស់ប្រទេសជាសមាជិកនៃការិយាល័យពិព័រណ៍អន្តរជាតិ ដែលជាស្ថាប័នរៀបចំពិព័រណ៍ និងមានទីស្នាក់ការកណ្តាលក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕

រូបភាពពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង