(មូស្គូ)៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៉ី លោក Nikolai Patrushev បាននិយាយនៅថ្ងៃពុធនេះថា គោលនយោបាយដ៏បំផ្លិចបំផ្លាញរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងបង្កើនហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី ឬជីវសាស្រ្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Patrushev ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដកស្រង់សម្តីដែលគូសបញ្ជាក់ថា «ធម្មជាតិនៃផលវិបាកចេញពី គោលនយោបាយបំផ្លិចបំផ្លាញរបស់សហរដ្ឋអាមេរិក គឺការចុះខ្សោយនៃសន្តិសុខពិភពលោក។ ហានិភ័យដែលថាអាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្រ្តនឹងត្រូវបានប្រើប្រាស់កំពុងតែកើនឡើង ខណៈរបបគ្រប់គ្រងអាវុធជាអន្តរជាតិត្រូវបានបំផ្លាញ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបានប្រកាសដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសព្វាវុធនៅទ្វីបអឺរ៉ុប ហៅកាត់ថា CFE បន្ទាប់ពីការផ្អាកកាលពីឆ្នាំ ២០១៥។ សម្ព័ន្ធមិត្ត NATO បានថ្កោលទោសការសម្រេចចិត្តដកខ្លួនចេញទាំងស្រុងរបស់រុស្ស៉ី ហើយថានឹងព្យួរកាតព្វកិច្ចរបស់ខ្លួននៅក្រោមសន្ធិសញ្ញានេះជាការឆ្លើយតប៕

រូបភាពពី AFP