(សិង្ហបុរី)៖ នៅថ្ងៃពុធនេះ ឧបនាយករដ្ឋមន្រ្តីចិនលោក Han Zheng បាននិយាយថា ប្រទេសរបស់លោកត្រៀមលក្ខណៈជាស្រេច ដើម្បីបើកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅគ្រប់កម្រិតទាំងអស់ ខណៈមេដឹកនាំនៃប្រទេសទាំងពីរ គឺលោក ស៉ី ជីនពីង និងលោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងព្រឹត្តិការណ៍ Bloomberg New Economy Forum ក្នុងប្រទេសសិង្ហបុរី លោកឧបនាយករដ្ឋមន្រ្តីចិន បានលើកឡើងថា កិច្ចប្រជុំកម្រិតខ្ពស់នាពេលថ្មីៗកន្លងទៅនេះ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន បានបង្ហាញពីសញ្ញាវិជ្ជមានថា ទំនាក់ទំនងទ្វេភាគី​កំពុងមានភាពប្រសើរឡើង។​ លោក Han បាននិយាយដូច្នេះថា «ពួកយើងត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រឹងការទាក់ទងនិងកិច្ចសន្ទនា ​បន្ថែមទៀតជាមួយសហរដ្ឋអាមេរិក នៅគ្រប់កម្រិតទាំងអស់, ជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក, គ្រប់គ្រង​ចំណុចខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលផ្សេងៗ»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង បានធ្លាក់ដល់កម្រិតដ៏ទាបខ្លាំងមួយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន រាប់ចាប់តាំងពីពាណិជ្ជកម្ម សិទ្ធិមនុស្ស សមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ រហូតដល់សន្តិសុខជាតិ។ យ៉ាងណាមិញ ភាគីទាំងពីរហាក់មានឆន្ទៈផ្សះផ្សាទំនាក់ទំនងឡើងវិញ ដោយទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនមន្រ្តីកំពូលៗជាបន្តបន្ទាប់ទៅកាន់ ទីក្រុងប៉េកាំងនៅក្នុងឆ្នាំនេះ ដើម្បីពង្រឹងការទំនាក់ទំនង៕