(ព្យុងយ៉ាង)៖ នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញមុខរិះគន់ដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ដោយប្រមុខការទូត និងប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក ថាជាទង្វើបង្កហេតុមួយ ដែលនឹងបង្កើនភាពតានតឹងថែមទៀតក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរមកទីក្រុងសេអ៊ូល នៅយប់ថ្ងៃពុធនេះ ហើយលោកនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមមានទាំងកូរ៉េខាងជើង។ បន្ទាប់ពី ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Blinken បញ្ចប់ទៅ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលវិញម្តង ដើម្បីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងក្នុងបទអត្ថាធិប្បាយមួយយ៉ាងដូច្នេះថា «ពួកភ្ញៀវដែលគ្មានការអញ្ជើញមកពីចំហៀងម្ខាងទៀតនៃមហាសមុទ្រ នឹងព្យាយាមស្វែងរកការប្រឈមមុខដាក់គ្នាខ្លាំងៗនៅឧបទ្វីបកូរ៉េ ដែលជាកន្លែងរសើបបំផុតមួយនៅលើពិភពលោក។ សកម្មភាពបង្កហេតុនេះ គឺប្រៀបដូចជាទស្សនកិច្ចមួយ របស់ពួកសង្រ្គាមនិយម ដើម្បីមកចុះធ្វើអធិការកិច្ចផ្ទាល់ក្រោមបំណង ដុតបញ្ឆេះសង្រ្គាមកូរ៉េលើកទី២ យ៉ាងដូច្នោះ។ KCNA បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Blinken និងលោក Austin នឹងបង្កើត «ដុំពពកសង្រ្គាមថ្មីទៀត» នៅក្នុងតំបន់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកទាំងពីរ កើតមានឡើងស្របពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ចំពោះមុខការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំនេះ និងចំពោះមុខការកើនឡើងភាពស្អិតល្មួតនៃទំនាក់ទំនងរបស់កូរ៉េខាងជើង ជាមួយនឹងប្រទេសរុស្ស៉ី៕
រូបភាពពី AFP