(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បញ្ហាជម្លោះដែនសមុទ្រគួរតែត្រូវដោះស្រាយ តាមរយៈការជជែកគ្នា ហើយព្រមានប្រឆាំង ការប្រឈមមុខដាក់គ្នាបែបបក្ខពួក ប៉ុន្តែរូបលោកមិនបានលើកឡើងចំឈ្មោះប្រទេសណាមួយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីខែតុលាកន្លងទៅ ចិននិងហ្វីលីពីនបានទម្លាក់កំហុសទៅវិញទៅមក ជុំវិញហេតុការណ៍ប៉ះគ្នា នៅតំបន់មានបញ្ហាវិវាទក្នុងសមុទ្រចិនខាងត្បូង។ ការប្រឈមមុខគ្នាជាបន្តបន្ទាប់រវាងចិននិងហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹកមានជម្លោះនៃដែនសមុទ្រនោះ បានជំរុញឱ្យប្រទេសជប៉ុនចេញមុខអំពាវនាវ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងសមត្ថភាពសន្តិសុខ​របស់ទីក្រុងម៉ានីល។

ថ្លែងក្នុងសន្និសីទមួយស្តីពីអភិបាលកិច្ចដែនសមុទ្រ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅខេត្ត Hainan ប្រទេសចិន លោក វ៉ាង បាននិយាយដូច្នេះថា «បញ្ហាវិវាទដែនសមុទ្រគួរតែត្រូវដោះស្រាយ តាមរយៈការពិគ្រោះយោបល់គ្នាដោយសន្តិវិធី រវាងភាគីដែលជាប់ពាក់ព័ន្ធផ្ទាល់ ហើយការប្រឈមមុខដាក់គ្នារបៀបបក្ខពួក និងការលេងល្បែងដើម្បីមានម្ខាងឈ្នះម្ខាងចាញ់នោះ គឺមិនគួរទទួលយកឡើយ»។

លោករដ្ឋមន្រ្តីការបរទេសចិន មិនបានលើកឡើងចំឈ្មោះប្រទេសណាមួយទេ ប៉ុន្តែចិនធ្លាប់បានរិះគន់ជាយូរមកហើយ ចំពោះប្រទេស​ដែលមិនមានពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះ បែរជាមកលូកដៃចូលជ្រៀតជ្រែក។ ទីក្រុងប៉េកាំងមានការមិនពេញចិត្តជាពិសេស ចំពោះ​យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៉ីហ្វិករបស់សហរដ្ឋអាមេរិក ដែលបានចាត់ទុកចិន ជាអ្នកបង្កហេតុនៅក្នុងតំបន់ រួមមានទាំងនៅសមុទ្រចិនខាងត្បូង និងជាអ្នកធ្វើឱ្យខូចច្បាប់និងសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិ រួមមានទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្នុងសន្និសីទដូចគ្នាខាងលើ លោក វ៉ាង បាននិយាយថា «ប្រទេសធំមួយនោះ» បានបង្កើតយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលប្រមូលផ្តុំជាបក្ខពួកដើម្បីប្រឈមមុខគ្នា ហើយបង្កើនទ្វេដងនូវសកម្មភាពបង្កហេតុ និងការសម្ញែងសាច់ដុំ។ យ៉ាងណាមិញ ក្នុងការធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ លោក វ៉ាង បានប្រើប្រាស់ពាក្យពេចន៍ហាក់ស្រាលៗជាងមុន ស្របពេលដែលចិននិងសហរដ្ឋអាមេរិក កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង និងនៅប៉ុន្មានថ្ងៃមុនជំនួបដែលគេរំពឹងថា នឹងកើតឡើងរវាង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco៕

រូបភាពពី Reuters