(លីសបោន)៖ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសពីលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរូបលោកបានជាប់ជំពាក់ជំពិន ក្នុងករណីស៉ើបអង្កេតអំពើពុករលួយ ជុំវិញការផ្តល់កិច្ចសន្យាពាក់ព័ន្ធទៅនឹងវិស័យថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃដដែល លោក Costa បានលើកឡើងយ៉ាងដូច្នេះថា «ភារកិច្ចជានាយករដ្ឋមន្រ្តី គឺមិនស៉ីគ្នានឹងមន្ទិលសង្ស័យណាមួយនៃភាពសុច្ចរិតរបស់ខ្ញុំឡើយ។ នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីមុខតំណែង ទៅកាន់លោកប្រធានាធិបតី»

មុនពេលនោះក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ បានរាយការណ៍ថា ក្រុមអ្នកស៉ើបអង្កេត បានធ្វើការឆែកឆេរក្រសួងមួយចំនួន ព្រមទាំងការិយាល័យរបស់ លោក Costa ផ្ទាល់។ ក្រោយមក ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានចោទប្រកាន់ជាផ្លូវការ លើរដ្ឋមន្រ្តីហេដ្ឋរចនាសម្ព័ន្ធ លោក Joao Galamba និងចេញដីកាចាប់ខ្លួន ប្រធានខុទ្ទកាល័យរបស់លោក Costa។

គួរបញ្ជាក់ថា ការស៉ើបអង្កេតខាងលើពាក់ព័ន្ធទៅនឹង ការផ្តល់សម្បាទានសម្រាប់ប្រតិបត្តិការជីករុករករ៉ែ lithium នៅតំបន់ភាកខាងជើង​ប្រទេសព័រទុយហ្កាល់ ព្រមទាំងគម្រោងផលិតឧស្ម័នអ៉ីដ្រូហ្សែន និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ដែលកសាងឡើងដោយក្រុមហ៊ុន Start Campus ក្នុងក្រុង Sines ដែលជាក្រុងមួយស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីលីសបោន។ ដីកាចាប់ខ្លួនក៏ត្រូវបាន​ចេញសម្រាប់ចៅហ្វាយក្រុង Sines និងនាយកពីររូបនៃក្រុមហ៊ុន Start Campus ផងដែរ៕

រូបភាពពី AFP