(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថាខ្លួនបានរៀបចំកិច្ចពិភាក្សាជាមួយចិន ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយនុយក្លេអ៊ែរ ប្រកបដោយលក្ខណៈស្ថាបនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាទំនាក់ទំនងដោយបើកចំហរ នៅមុនកិច្ចប្រជុំដែលអាចទៅរួចរវាង ប្រធានាធិបតីអាមេរិក និងចិនក្នុងខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចពិភាក្សានៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះដែលមន្ត្រីអាមេរិកពិពណ៌នាថាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Mallory Stewart និងលោក Sun Xiaobo ជាអគ្គនាយកម្នាក់ នៃក្រសួងការបរទេសចិន។

បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ភាគីទាំងពីរបានពិភាក្សាយ៉ាងច្បាស់លាស់ និងស៊ីជម្រៅ ដោយសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនតម្លាភាព និងការចូលរួមអនុវត្តវិធានការជាក់ស្តែងរបស់ចិន ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តនៅទូទាំងតំបន់។ ប៉ុន្តែខាង ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា ជំនួបខាងលើកើតមានឡើង ក្រោយការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណស្តីពីយោធាទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែតុលា បានឲ្យដឹងថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥០០នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ជាង ១,០០០ គ្រាប់ នៅឆ្នាំ២០៣០៕

រូបភាពពី AFP