(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅថា ការផ្អាកការបាញ់គ្នារយៈពេល ៣ថ្ងៃ គឺអាចធានាឱ្យមាន ការដោះលែងចំណាប់ខ្មាំងមួយចំនួន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

​ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Axios បានឱ្យដឹងទៀតថាផ្អែកតាមការស្នើសុំ មួយដែលត្រូវបានពិភាក្សារវាងសហរដ្ឋអាមេរិក អ៉ីស្រាអែល និងកាតា​ ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងពី១០ ទៅ១៥នាក់ ហើយនឹងប្រើប្រាស់ ការផ្អាកការបាញ់គ្នានេះដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណចំណាប់ខ្មាំងទាំងអស់ ព្រមទាំងប្រគល់បញ្ជីឈ្មោះចំណាប់ខ្មាំងទៀតផង។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ សេតវិមានបាននិយាយថាលោក បៃដិន និងលោក Netanyahu បានពិភាក្សាពីលទ្ធភាពនៃការផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លី ដើម្បីទុកពេលឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ទៅរកកន្លែង មានសុវត្ថិភាព ក៏ដូចជាសម្រួលដល់ការបញ្ជូនជំនួយចាំបាច់នានា និងឈានទៅដល់ការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែខាងសេតវិមានមិនទាន់ធ្វើ អត្ថាធិប្បាយអ្វីនៅឡើយទេ ចំពោះសេចក្ដីរាយការណ៍របស់ Axios៕

រូបភាពពី Reuters