(ហ្កាហ្សា)៖ អ៉ីស្រាអែល នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា បានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា (Gaza City) នៅក្នុងសង្រ្គាមមួយដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្ដេជ្ញាកម្ទេចក្រុមហាម៉ាស និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល ក្រោយសង្រ្គាមបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បានឈានចូលខែទី២ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សាយតាមទូរទស្សន៍ថាកងទ័ពអ៉ីស្រាអែល កំពុងធ្វើប្រតិបត្តិការដោយមានភាព រីកចម្រើនទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា និងកំពុងបង្កការលំបាកដល់ក្រុមហាម៉ាស។

បើតាមលោក Gallant មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស ឈ្ម​ោះ Yahya Sinwar និងជាអ្នកនៅពីក្រោយការសម្រេចចិត្តបើកការវាយប្រហារលើ អ៉ីស្រាអែល កំពុងជាប់នៅក្នុងលេណដ្ឋាន និងត្រូវបានកាត់ផ្ដាច់ពីកងកម្លាំងរបស់ខ្លួន រីឯទីបញ្ជាការរបស់មេដឹកនាំហាម៉ាសរូបនេះក៏កំពុងទន់ខ្សោយ ផងដែរ។ ប៉ុន្តែ ក្រុមហាម៉ាសមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ពាក់ព័ន្ធនឹងជោគវាសនារបស់លោក Sinwar។

គួរបញ្ជាក់ថា ខណៈអ៉ីស្រាអែលអះអាងពីភាពរីកចម្រើននៃការវាយលុក ក្រុមហាម៉ាសឯណោះវិញក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបង្កការ ខាតបង់ធ្ងន់ធ្ងរ និងបង្អាក់ដំណើរទៅមុខរបស់កងទ័ពអ៉ីស្រាអែល។ ភ្លាមៗ គេមិនទាន់អាចបញ្ជាក់ពីការអះអាងរបស់ភាគីទាំងសងខាងបាននៅឡើយទេ ស្របពេលបើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ចំនួនមនុស្សសម្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានកើនដល់ជាង ១០០០០នាក់ហើយ ក្នុងភាគច្រើនជាជនស៊ីវិលដែលមានកុមារ ៤០ភាគរយនៃអ្នកស្លាប់៕

រូបភាពពី Reuters