(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានប្រកាសលើវែបសាយរបស់ខ្លួនថា កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ ប្រទេសរុស្ស៉ី បានដកខ្លួនចេញផុតជាផ្លូវការហើយ ពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនៅទ្វីបអឺរ៉ុប ហៅកាត់ថា CFE។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង០០៖០០ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នីតិវិធីនៃ​ការដករុស្ស៉ីចេញពីសន្ធិសញ្ញា CFE ដែលត្រូវបានព្យួរដោយប្រទេសយើងកាលពីឆ្នាំ២០០៧ គឺបានបញ្ចប់រួចរាល់ជាស្ថាពរហើយ»។​ រុស្ស៉ី​បានផ្អាកការចូលរួមសន្ធិសញ្ញានេះទាំងស្រុងកាលពីឆ្នាំ២០១៥ ហើយនៅក្នុងឆ្នាំ២០២៣នេះ ទីក្រុងមូស្គូបានប្រកាសពីចេតនាដកខ្លួនចេញតែម្តង។

សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយបក្សសម្ព័ន្ធយោធាណាតូ និងអតីតបក្សសម្ព័ន្ធយោធាកតិកាសញ្ញាទីក្រុងវ៉ាសូវី ហើយបានចូលជាធរមាននៅឆ្នាំ១៩៩២។ សន្ធិសញ្ញានេះ ត្រូវបានបង្កើតឡើងក្រោមគោលដៅ បង្កើតតុល្យភាពរវាងសម្ព័ន្ធភាពយោធាទាំង២ តាមរយៈការកំណត់ចំនួនសព្វាវុធនិងសម្ភារយោធា ដែលភាគីទាំងពីរត្រូវបានអនុញ្ញាតឱ្យដាក់ពង្រាយ។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយក្រុមប្រទេសលោកខាងលិច ធ្លាក់ដុនដាបខ្លាំងបំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ រុស្ស៉ីបានទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិក សម្រាប់ការធ្វើឱ្យ​ខូចសន្តិសុខក្រោយសម័យសង្រ្គាមត្រជាក់នៅអឺរ៉ុប តាមរយៈការបន្តពង្រីកអង្គការណាតូ៕

រូបភាពពី AFP