(ហ្កាហ្សា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថាតំបន់ហ្កាហ្សាបានក្លាយជា «វាលកប់ខ្មោច» សម្រាប់កុមារ និងបានអំពានាវឱ្យមានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សា ជាទីដែលការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិ ប៉ាឡេស្ទីនលើស ១០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទាំងអ៉ីស្រាអែល និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានច្រានចោលដូចគ្នាចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយខាងអ៉ីស្រាអែល និយាយថា បទឈប់បាញ់អាចនឹងកើតឡើង ទាល់តែចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានចាប់ខ្លួន អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៉ីស្រាអែល ត្រូវបានដោះលែងជាមុនសិន។ ចំណែក ក្រុមហាម៉ាសវិញបាននិយាយថាពួកគេនឹងមិនដោះលែងចំណាប់ខ្មាំង ឬបញ្ឈប់ការប្រយុទ្ធគ្នានោះទេ ប្រសិនបើអ៉ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែក ឬវាយប្រហារលើតំបន់ហ្កាហ្សា។
ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ភាគច្រើនជាជនស៊ីវិល ខណៈ ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនកើនដល់ ១០,០២២នាក់ ដែលភាគច្រើន ជាជនស៊ីវិលក្នុងនោះមានកុមារ ៤,១០៤នាក់។ មិនតែប៉ុណ្ណោះមន្ទីរពេទ្យទាំងអស់ក្នុងតំបន់ហ្កាហ្សាសឹងតែលែងមានសមត្ថភាពព្យាបាលអ្នករងរបួស រីឯប្រជាជន ហ្កាហ្សា កំពុងខ្វះខាតចំណីអាហារ ទឹកស្អាត និងអគ្គិសនី ដោយសារតែការបិទខ្ទប់របស់អ៉ីស្រាអែល។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «ហ្កាហ្សាបានក្លាយជាវាលកប់ខ្មោចសម្រាប់កុមារ ដោយមានក្មេងប្រុស និងក្មេងស្រី ត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ»។ ប្រមុខ UN រូបនេះបន្ថែមថាប្រតិបត្តិការយោធាជើងគោក និងការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៉ីស្រាអែលបាន និងកំពុងវាយប្រហារលើជនស៊ីវិល មន្ទីរពេទ្យ ជំរំជនភៀសខ្លួន វិហារអ៉ីស្លាម វិហារគ្រឹស្ត និងអគារ ឬការិយាល័យរបស់ UN។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Guterres ក៏បាននិយាយដែរថាក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធដទៃ កំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារ និងបន្តបាញ់គ្រាប់រ៉ុក្កែតដោយមិនរើសមុខលើ អ៉ីស្រាអែល ព្រមទាំងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
គួរបញ្ជាក់ថា ខណៈកំពុងបន្តទម្លាក់គ្រាប់បែក យោធាអ៉ីស្រាអែលបានឱ្យដឹងថាការបើកច្រកផ្លូវរយៈពេល ៤ម៉ោង ដើម្បីឱ្យជនស៊ីវិលចាកចេញពីភាគខាងជើងតំបន់ ហ្កាហ្សា នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ ហើយបើតាមប្រេសិតពិសេសម្នាក់របស់សហរដ្ឋអាមេរិក គិតត្រឹមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ប្រជាជនចន្លោះពី ៣៥០,០០០នាក់ ដល់ ៤០០,០០០នាក់ កំពុងបន្តស្ថិតភាគខាងជើងតំបន់ហ្កាហ្សានៅឡើយ៕
រូបភាពពី Reuters