(ចូហានណេសប៊ឺក)៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នៅថ្ងៃចន្ទសប្តាហ៍នេះបានកោះហៅឯកអគ្គរដ្ឋទូត និងបេសកកម្មការទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល ដើម្បីថ្កោលទោសការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ដែលហៅខ្លួនថាជាអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋាភិបាល ក៏បានគំរាមចាត់វិធានការប្រឆាំង នឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអាហ្រ្វិកខាងត្បូង ជុំវិញការអត្ថាធិប្បាយថ្មីៗរបស់លោក អំពីជំហររបស់អាហ្វ្រិកខាងត្បូង ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមទៀតអំពីការលើកឡើងនេះទេ។
គួរបញ្ជាក់ថា សង្គ្រាមផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានវាយឆ្មក់អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា បណ្តាលឲ្យមនុស្សជាង ១,៤០០ នាក់បានស្លាប់។ ប៉ាឡេស្ទីនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយបកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕
រូបភាពពី AFP