(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅថ្ងៃអាទិត្យនេះបានប្រកាសថា លោក Lawrence Wong ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុបច្ចុប្បន្ននឹងឡើងកាន់តំណែងជំនួសលោក ជាមេដឹកនាំនៃគណបក្សកាន់អំណាច PAP នៅមុន​ការបោះឆ្នោតសកលអាណត្តិបន្ទាប់ ដែលត្រូវប្រព្រឹត្តទៅមិនឱ្យលើសពីខែវិច្ឆិកា ឆ្នាំ២០២៥។

គណបក្សសកម្មភាពប្រជាជន ឬហៅថា PAP ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តឈ្នះក្នុងការបោះឆ្នោតនោះ លោក Wong ទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសសិង្ហបុរី។ លោក​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​៤​ ដែល​ដឹកនាំ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី ​ចាប់​តាំង​ពី​ឯករាជ្យ​នៅ​ឆ្នាំ ១៩៦៥។

* តើលោក Lawrence Wong ជានរណា?

លោក Wong កើតនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៧២ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោកជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយលោកក៏មានតួនាទីជាប្រធានធនាគារកណ្ដាលសិង្ហបុរី (MAS) ប្រធានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី អនុប្រធានក្រុមប្រឹក្សាភិបាល GIC ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ GIC និងជាសមាជិកនៃ ក្រុមប្រឹក្សាសេដ្ឋកិច្ចនាពេលអនាគត និងការស្រាវជ្រាវ, ក្រុមប្រឹក្សាច្នៃប្រឌិត និងសហគ្រាស និងក្រុមប្រឹក្សាមូលនិធិស្រាវជ្រាវជាតិ។

លើសពីនេះ លោកបានចូលរួមចំណែកក្នុងចលនាការងារ ក្នុងនាមជាអ្នកប្រឹក្សាដល់សហជីពកម្មករអគ្គិសនី និងឧស្ម័ន និងសហជីពកម្មករសំណង់ និងឧស្សាហកម្មឈើផងដែរ។

លោក Wong ជាសមាជិកសភានៃស្រុក Marsiling-Yew Tee GRC។ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាលើកដំបូង នៅខែឧសភា ឆ្នាំ២០១១។ លោកក៏ធ្លាប់បានកាន់តួនាទីនៅក្នុងក្រសួងការពារជាតិ ក្រសួងទំនាក់ទំនង និងព័ត៌មាន ក្រសួងវប្បធម៌ សហគមន៍ និងយុវជន ក្រសួងអភិវឌ្ឍន៍ជាតិ និងក្រសួងអប់រំផងដែរ។

លោកក៏ធ្លាប់បានធ្វើជាសហប្រធានក្រុមការងារអន្តរក្រសួង ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ចាប់ពីឆ្នាំ ២០២០ - ២០២៣ ដែលត្រួតពិនិត្យ ការឆ្លើយតបរបស់រដ្ឋាភិបាលសិង្ហបុរីចំពោះជំងឺរាតត្បាតនេះ។

មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោក Wong ជា​មន្ត្រី​រាជការ។ លោកធ្លាប់ជានាយកប្រតិបត្តិ នៃអាជ្ញាធរទីផ្សារថាមពល និងជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រី Lee Hsien Loong ទៀតផង។

លោក Wong បានទទួលការអប់រំនៅអនុវិទ្យាល័យ Tanjong Katong និង Victoria Junior College។ លោកបានទទួលបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Wisconsin-Madison ក្នុងឆ្នាំ ១៩៩៤ លើអាហារូបករណ៍នៃគណៈកម្មការសេវាសាធារណៈ និងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្តពីសាកលវិទ្យាល័យ Michigan ក្នុងឆ្នាំ ១៩៩៥ និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០៤៕