(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោក Lawrence Wong ដែលជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នឹងឡើងកាន់តំណែងជំនួសលោក ជាមេដឹកនាំនៃគណបក្សកាន់អំណាច PAP នៅមុនការបោះឆ្នោតសកលអាណត្តិបន្ទាប់ ដែលត្រូវប្រព្រឹត្តទៅមិនឱ្យលើសពីខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយគណបក្ស PAP ត្រូវគេរំពឹងថានឹងនៅបន្តទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលជាបន្តបន្ទាប់នោះ វាមានន័យថា លោក Wong ក៏នឹងក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរីថ្មីផងដែរ។ រូបលោកនឹងជានាយករដ្ឋមន្រ្តីទី៤ ដែលដឹកនាំប្រទេសសិង្ហបុរី គិតចាប់តាំងពីការទទួលបានឯករាជ្យកាលពីឆ្នាំ១៩៦៥មក ហើយនឹងជានាយករដ្ឋមន្រ្តីសិង្ហបុរីទី២ ដែលមិនមែនជាសមាជិកគ្រួសារត្រកូល លី។ លោក Lee Hsien Loong ជាកូនប្រុសច្បងរបស់លោក Lee Kuan Yew ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ នាយករដ្ឋមន្រ្តីសិង្ហបុរី បន្ទាប់ពីលោក Lee Kuan Yew មានឈ្មោះថា Goh Chok Tong។
លោក Lee Hsien Loong ដែលមានវ័យ៧១ឆ្នាំ កន្លងមកបានគ្រោងចុះចេញពីតំណែង កាលពីឆ្នាំ២០២២ មុនខួបកំណើតគម្រប់វ័យ៧០ឆ្នាំរបស់លោក ប៉ុន្តែផែនការនោះក៏ត្រូវបានពន្យារពេលវិញ ដោយលោក Lee បាននិយាយ លោកត្រូវដឹកនាំសិង្ហបុរីឆ្លងឱ្យផុតវិបត្តិកូវីដ១៩។ ថ្លែងទៅកាន់សមាជិកគណបក្ស PAP នាថ្ងៃអាទិត្យនេះ លោក Lee បានលើកឡើងថា លោក Wong និងក្រុមអ្នកបន្តវេន បានបង្ហាញឱ្យឃើញសមត្ថភាពគ្រប់គ្រាន់ អំលុងវិបត្តិកូវីដ ហើយពុំមានហេតុផលអ្វី ដើម្បីពន្យារពេលការផ្ទេរអំណាចទៀតនោះទេ។
លោក Lee បានប្រកាសយ៉ាងដូច្នេះថា «ហេតុនេះហើយ ខ្ញុំគ្រោងនឹងផ្ទេរអំណាចឱ្យទៅឧបនាយករដ្ឋមន្រ្តី Lawrence Wong នៅមុនការបោះឆ្នោតសកលអាណត្តិក្រោយ»។ លោក Lee មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ ដោយត្រឹមនិយាយថា «ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយរលូន ខ្ញុំនឹងផ្ទេរអំណាចមិនឱ្យហួសខួប៧០ឆ្នាំនៃការបង្កើតបក្ស PAP ឆ្នាំក្រោយឡើយ» ដែលចង់សំដៅលើខែវិច្ឆិកា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា លោក Lee បានកាន់អំណាចជានាយករដ្ឋមន្រ្តី តាំងតែពីឆ្នាំ២០០៤មក ហើយលោកក៏ជាអគ្គលេខាធិការនៃគណបក្ស PAP ផងដែរ ដែលបានដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងពីឆ្នាំ១៩៦៥មក។ កាលពីឆ្នាំ២០២២ លោក Lee បានប្រកាសថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Lawrence Wong ដែលបច្ចុប្បន្នមានអាយុ៥០ឆ្នាំ នឹងក្លាយជាអ្នកបន្តវេនរបស់លោក ហើយបានឡើងឋានៈលោក Wong ជាឧបនាយករដ្ឋមន្រ្តី៕
រូបភាពពី Reuters