(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមបាតុករចន្លោះពីខ្ទង់ពាន់ដល់ខ្ទង់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងវ៉ាស៉ីនតោន ដើម្បីទាមទារបទឈប់បាញ់ជាបន្ទាន់ សម្រាប់ដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្រ្ទីព (Gaza Strip) ជាទីដែលមនុស្សជិត១ម៉ឺននាក់ហើយ ត្រូវបានសម្លាប់ដោយសារសង្រ្គាមរបស់អ៉ីស្រាអែល និងដើម្បីថ្កោលទោសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចំពោះសង្រ្គាមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមអ្នកតវ៉ាបានកាន់បដានិងផ្ទាំងក្រដាស ដែលមានសរសេរពាក្យស្លោកដូចជា «ជីវិតជនជាតិប៉ាឡេស្ទីនក៏មានតម្លៃ» «សូមឱ្យតំបន់ Gaza មានសិទ្ធិរស់រានមានជីវិត» ហើយនិង «ឈាមរបស់ពួកគេស្ថិតនៅលើបាតដៃរបស់អ្នក» ជាដើម ស្របពេលដែលរដ្ឋាភិបាលអាមេរិក នៅបន្ត​បដិសេធការទាមទារឱ្យខ្លួនចូលរួម ក្នុងកិច្ចប្រឹងប្រែងអំពាវនាវឱ្យមានបទឈប់បាញ់ទាំងស្រុង សម្រាប់សង្រ្គាមនៅ Gaza។

ក្រុមសកម្មជនបានរៀបចំរថយន្តក្រុង ឆ្ពោះមកកាន់រដ្ឋធានីរបស់សហរដ្ឋអាមេរិកពីទូទាំងប្រទេសដើម្បីឱ្យក្រុមបាតុករធ្វើដំណើរមកចូលរួម ហើយចលនាបាតុកម្មនោះ គឺជាសកម្មភាពប្រមូលផ្តុំដ៏ធំមួយក្នុងគោលដៅគាំទ្របុព្វហេតុប៉ាឡេស្ទីន នៅសហរដ្ឋអាមេរិក និងស្ថិតក្នុងចំណោមបាតុកម្មធំៗបំផុតសម្រាប់បុព្វហេតុផ្សេងៗ ដែលធ្វើឡើងនៅទីក្រុងវ៉ាស៉ីនតោន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Mahdi Bray អគ្គនាយកអង្គការ American Muslim Alliance បានលើកឡើងដូច្នេះថា «អ្វីដែលពួកយើងចង់បាននិងចង់ទាមទារ គឺបទឈប់បាញ់ភ្លាមៗ»

ដើមចមដំបូងនៃជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីនថ្មីចុងក្រោយនេះ ត្រូវបានបង្កឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលអ្នកប្រយុទ្ធរាប់រយនាក់​របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ Gaza បានឆ្លងចូលអ៉ីស្រាអែល និងសម្លាប់មនុស្សជាង១,៤០០នាក់ រួចចាប់មនុស្ស​​ជាង២៤០នាក់ផ្សេងទៀតធ្វើជាចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើ Gaza, ដាក់ការបិទខ្ទប់​ទាំងស្រុង និងបើកប្រតិបត្តិការជើងគោក ជាហេតុនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗជាសកល ជុំវិញស្ថានភាពមនុស្សធម៌​នៅដែនដីប៉ាឡេស្ទីនមួយនោះ។ តួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលនៅតំបន់ Gaza បានបង្ហាញថា ចំនួនមនុស្សស្លាប់ បានបន្តកើនដល់យ៉ាងហោច ៩,៤៨៨នាក់ ដោយសារការវាយប្រហារសងសឹករបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ការបន្តកើនឡើងឥតឈប់ឈរ នៃតួលេខប្រជាជនស៉ីវិលបាត់បង់ជីវិត បានជំរុញឱ្យអន្តរជាតិខិតខំបង្កើនការអំពាវនាវ ឱ្យ​មានបទឈប់បាញ់ទាំងស្រុងជាបន្ទាន់ ប៉ុន្តែសហរដ្ឋអាមេរិក ដូចទៅនឹងអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺមកទល់ពេលនេះ បានបដិសេធ​ការទាមទារឱ្យមានបទឈប់បាញ់ ក្រោមហេតុផលថា ការធ្វើបែបនោះ នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាសប្រមូលផ្តុំកម្លាំងឡើងវិញសាជាថ្មី។ យ៉ាងណាមិញ ទីក្រុងវ៉ាស៉ីនតោនបានចាប់ផ្តើមជំរុញឱ្យមាន ការផ្អាកការប្រយុទ្ធគ្នាជាលក្ខណៈបណ្តោះអាសន្ន ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បី​ឱ្យជំនួយចូលទៅកាន់តំបន់ Gaza ប៉ុន្តែអ៉ីស្រាអែលបានបដិសេធ។ ក្រុមបាតុករខាងលើ បានចោទប្រកាន់ថា ការគាំទ្ររបស់លោក បៃដិន ចំពោះសង្រ្គាមអ៉ីស្រាអែលនៅ Gaza គឺប្រៀបដូចជាការគាំទ្រអំពើប្រល័យពូជសាសន៍យ៉ាងដូច្នោះ៕

រូបភាពពី Reuters