(ហ៊្សេរុយសាឡិម)៖ ក្រុមប៉ូលិសអ៉ីស្រាអែលបានរារាំងក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា នៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពោះមុខការរីករាលដាលអារម្មណ៍ខឹងសម្បាររបស់ប្រជាជន ជុំវិញភាពបរាជ័យដែលបានបណ្តោយឱ្យមានការវាយប្រហារដ៏ប្រល័យ កាលពីខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន លើសហគមន៍ជាច្រើននៅក្បែរតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រុមបាតុករដែលមានមនុស្សខ្ទង់រយនាក់ បានព្យាយាមទម្លុះចូលរនាំងការពាររបស់ប៉ូលិស ដែលត្រូវបានដាក់នៅជុំវិញគេហដ្ឋានរបស់លោក Netanyahu ក្នុងទីក្រុងហ៊្សេរុយសាឡិម។ ពួកគេបានទាមទារឱ្យ លោកនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង ហើយជាច្រើននាក់បានស្នើឱ្យមានបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីសម្របសម្រួលឱកាសបានវិលត្រឡប់មកវិញ នៃចំណាប់ខ្មាំងច្រើនជាង២០០នាក់ ដែលត្រូវបានចាប់ពង្រត់ពីអ៉ីស្រាអែល យកទៅតំបន់ Gaza អំលុងការវាយប្រហារកាលពីខែមុន។
មកទល់នឹងពេលនេះ លោក Netanyahu មិនបានបង្ហាញការទទួលខុសត្រូវផ្ទាល់ខ្លួននោះឡើយ សម្រាប់ភាពបរាជ័យដែលបានបណ្តោយឱ្យមាន ការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល ដែលបានមើលឃើញ ខ្មាន់កាំភ្លើងរាប់រយនាក់របស់ក្រុមហាម៉ាស សម្រុកចូលលុកលុយតំបន់ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សជាង១,៤០០នាក់ និងចាប់មនុស្សយ៉ាងហោច២៤០នាក់ទៀត យកធ្វើជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ សម្រាប់សង្រ្គាមរបស់ខ្លួននៅតំបន់ Gaza ហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Netanyahu ផ្ទាល់ បានបដិសេធសូម្បីតែការស្នើសុំឱ្យមាន ការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្នក្នុងបុព្វហេតុមនុស្សធម៌ ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក ក្រោយកិច្ចជួបពិភាក្សាគ្នា។ ទោះបីមុនពេលផ្ទុះសង្រ្គាមទៅទៀត លោក Netanyahu គឺជាបុគ្គលដ៏ចម្រូងចម្រាសម្នាក់ ដោយរូបលោកប្រឈមការចោទប្រកាន់បទល្មើសពុករលួយ ហើយបានព្យាយាមជំរុញផែនការមួយសំដៅរឹតត្បិតអំណាចតុលាការ ដែលបានបង្កឱ្យមនុស្សរាប់សិបម៉ឺននាក់ចេញធ្វើបាតុកម្មតាមដងផ្លូវ នាពេលកន្លងមក៕
រូបភាពពី Reuters