(សៀងហៃ)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអាទិត្យនេះថា «វាគឺជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា» ក្នុងការមានទំនាក់ទំនងទ្វេភាគីមួយ ដែលប្រកបដោយកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ខណៈរូបលោកចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដែលធ្វើឡើងដោយមេដឹកនាំអូស្រ្តាលីមកកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
អំលុងការថ្លែងសុន្ទរកថាខ្លីមួយ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ China International Import Expo ប្រចាំឆ្នាំនៅឯទីក្រុងសៀងហៃ ដែលត្រូវបានបើកធ្វើក្រោមវត្តមាននាយករដ្ឋមន្រ្តីចិន លោក លី ឈាង លោក Albanese បានអះអាងថា ប្រទេសអូស្រ្តាលីនឹងបន្តធ្វើការប្រកបដោយភាពស្ថាបនាជាមួយចិន។ មុនពេលចាកចេញពីអូស្រ្តាលី កាលពីថ្ងៃសៅរ៍ លោក Albanese បាននិយាយថា ដំណើរបំពេញទស្សនកិច្ចរបស់លោក ដើម្បីជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយនិងលោក លី គឺគូសរំលេចឱ្យឃើញ នូវការបោះជំហានយ៉ាងវិជ្ជមានបំផុតមួយ ក្នុងការស្តារស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះដុនដាប។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងជួបពិភាក្សាជាមួយលោក ស៉ី នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទស្អែក។ លោក Albanese គឺជាមេដឹកនាំអូស្រ្តាលីទីមួយ ដែលបានមកបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីឆ្នាំ២០១៦មក។ ការបំពេញទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្រ្តាលី ដើម្បីប៉ះប៉ូវទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីវាបានធ្លាក់ចុះដុនដាបខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ជុំវិញបញ្ហាជាច្រើនរាប់តាំងពីក្រុមហ៊ុន Huawei, ចារកម្ម រហូតដល់កូវីដ១៩។
តាំងពីរដ្ឋាភិបាលលោក Albanese បានឡើងកាន់អំណាចកាលពីឆ្នាំ២០២២មក ចំណងទាក់ទងជាមួយចិន បានចាប់ផ្តើមវិលមករកស្ថិរភាពឡើងវិញ។ ចិនបានសម្រេចដកបម្រាមពាណិជ្ជកម្មភាគច្រើនចេញវិញ ដែលត្រូវបានដាក់អំលុងជម្លោះការទូត ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០២០ និងបានធ្វើឱ្យអូស្រ្តាលីខាតបង់ទំហំខ្ទង់ ១៣ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញនិងស្បៀងអាហារ៕
រូបភាពពី Reuters