(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថានឹងព្យាយាមសម្របសម្រួលជាមួយសភាក្នុងការផ្តល់សច្ចាប័នលើសមាជិកភាព NATO របស់ស៊ុយអែតតាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបន្ថែមថា ទីក្រុងស្តុកខុល (Stockhom) មិនទាន់ចាត់វិធានការគ្រប់គ្រាន់ចំពោះលើក្រុមសកម្មប្រយុទ្ធឃឺដនៅឡើយទេ។ នេញបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងជើងហោះហើរត្រឡប់មកពីប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Erdogan បាននិយាយថា ទីក្រុង Stockholm បានចាត់វិធានការមួយចំនួនទាក់ទងនឹងការតវ៉ា ដែលរៀបចំដោយគណបក្សពលករឃឺដ (PKK) ប៉ុន្តែមិនមែនទៅលើសកម្មភាពរបស់ PKK នៅស៊ុយអែតនោះទេ។

លោក Erdogan បានបញ្ជាក់ថា «កាតព្វកិច្ចរបស់យើងគឺបានបញ្ជូនរឿងនេះទៅសភាក្នុងដំណាក់កាលដំបូងរួចហើយ»។ លោក Erdogan បានបន្ថែមថា «ឥលូវនេះកិច្ចពិភាក្សានៅក្នុងសភាអំពីថវិការដ្ឋឆ្នាំ ២០២៤របស់តួកគីនឹងយកជាអាទិភាព ហើយការអនុម័តលើសមាជិកភាព NATO របស់ស៊ុយអែតប្រហែលជាមិនលឿននោះទេ ប៉ុន្តែយើងនឹងព្យាយាមសម្របសម្រួល តាមដែលអាចធ្វើទៅបាន ដរាបណា​សមភាគី​របស់​យើង​ខិត​មក​រក​យើង​ដោយ​ភាពវិជ្ជមាន»។

គួរបញ្ជាក់ថា កាលពីខែតុលា កន្លងទៅ លោក Erdogan បានដាក់សំណើរច្បាប់អនុម័តលើពាក្យសុំចូលជាសមាជិកក្នុងអង្គការ NATO របស់ស៊ុយអែតទៅកាន់សភាសម្រាប់ការផ្តល់សច្ចាប័ន ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានស្វាគមន៍ដោយសម្ព័ន្ធមិត្ត និងទីក្រុង Stockholm៕

រូបភាពពី Reuters