(អ៉ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថាននិយាយថា ក្រុមសកម្មប្រយុទ្ធ ៩នាក់បានវាយប្រហារមូលដ្ឋានហ្វឹកហ្វឺនរបស់កងទ័ពអាកាសនៅតំបន់ Mianwali ភាគកណ្តាលប្រទេស នៅថ្ងៃសៅរ៍នេះ ដោយធ្វើឲ្យខូចខាតដល់យន្តហោះដែលមិនដំណើរការចំនួន ៣គ្រឿង ខណៈដែលក្រុមសកម្មប្រយុទ្ធទាំងអស់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោធាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសកម្មប្រយុទ្ធ ៣នាក់ត្រូវបានសម្លាប់មុនពេលចូលដល់ក្នុងមូលដ្ឋានហ្វឹកហ្វឺន Mianwali របស់កងទ័ពអាកាស ខណៈដែលអ្នកផ្សេងទៀតត្រូវបានស្ទាក់មុនពេលប្រតិបត្តិការបោសសម្អាតចាប់ផ្តើម។ ជាលទ្ធផល ក្រុមសកម្មប្រយុទ្ធ ៩នាក់ត្រូវបានសម្លាប់។ មិនមានការបញ្ជាក់អំពីការរងរបួសណាមួយក្នុងចំណោមបុគ្គលិកសន្តិសុខនោះទេ។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា គ្មានការបំផ្លាញធំដុំដល់ប្រតិបត្តិការរបស់កងទ័ពអាកាសប៉ាគីស្ថាននោះទេ ដោយគ្រាន់តែធ្វើឲ្យខូចខាតយន្តហោះដែលមិនដំណើរការចំនួន ៣គ្រឿង និងនាវាដឹកប្រេងមួយគ្រឿង។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ TJP ក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។TJP ហាក់នាំមុខគេក្នុងការវាយប្រហារកម្រិតខ្ពស់នៅប៉ាគីស្ថាន នៅឆ្នាំ ២០២៣នេះ ដែលរួមទាំងការសម្លាប់ទាហាន ១២នាក់នៅឯមូលដ្ឋានយោធាប៉ាគីស្ថានក្នុងខេត្ត Balochistan ភាគនិរតី កាលពីខែកក្កដា៕
រូបភាពពី Reuters