(កៀវ)៖ ប្រធានគណៈកម្មការអឺរុប លោកស្រី Ursula von der Leyen បានទៅដល់ទីក្រុងនៅថ្ងៃសៅរ៍នេះ មុនពេល សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងបញ្ចេញរបាយការណ៍ស្តីពីវឌ្ឍនភាពអ៊ុយក្រែនក្នុងដំណើរការសុំចូលជាសមាជិកភាពរបស់ខ្លួន នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី von der Leyen បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម X អមដោយរូបភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅស្ថានីយ៍រថភ្លើងមួយ ថា «ជាការប្រសើរណាស់ដែលបានត្រលប់មកទីក្រុងកៀវ សម្រាប់ដំណើរទស្សនកិច្ចអំឡុងពេលមានសង្គ្រាម និងជាលើកទី ៦របស់ខ្ញុំ»

លោកស្រី von der Leyen បានសរសេរទៀតថា «ខ្ញុំនៅទីនេះដើម្បីពិភាក្សាអំពីដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន។ ជំនួយផ្នែកហិរញ្ញវត្ថុរបស់ EU គឺសម្រាប់កសាងអ៊ុយក្រែនឡើងវិញជាប្រទេសប្រជាធិបតេយ្យដ៏ទំនើប និងរីកចម្រើន ហើយ​នឹងត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឲ្យរុស្ស៉ីតបស្នងចំពោះសង្គ្រាម​ឈ្លានពាន​របស់​ខ្លួន»។

គួរបញ្ជាក់ថា ការវាយតម្លៃមួយរបស់ EU ដែលត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវបានគេរំពឹងថានឹងរៀបរាប់លម្អិតថាតើអ៊ុយក្រែនសម្រេចបានកម្រិតណាហើយ ក្នុងការបំពេញលក្ខខណ្ឌសេដ្ឋកិច្ច ច្បាប់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាចូលជាសមាជិក។ សមាជិកទាំង ២៧ របស់ EU នឹងរៀបចំកិច្ចប្រជុំកំពូលមួយនៅក្នុងខែធ្នូ ដើម្បីសម្រេចថាតើត្រូវអនុញ្ញាតឲ្យអ៊ុយក្រែនចាប់ផ្តើមការចរចាស្តីពីសមាជិកភាព ដោយវិធានការនេះទាមទារឲ្យមានការគាំទ្រជាឯកច្ឆ័ន្ទពីសមាជិកទាំងអស់នៃប្លុក៕

រូបភាពពី Reuters