(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Antony Albanese បាននិយាយនៅថ្ងៃសៅរ៍នេះថា ដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី ឈាង គឺគូសរំលេចនូវការបោះជំហានដ៏វិជ្ជមានបំផុតមួយ នៅក្នុងកិច្ចប្រឹងប្រែងស្តារស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលបានធ្លាក់ដុនដាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Albanese ត្រូវធ្វើដំណើរទៅដល់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ។ វានឹងនាំឱ្យលោកក្លាយជាមេដឹកនាំអូស្រ្តាលីដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីឆ្នាំ២០១៦មក។ ការបំពេញទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្រ្តាលី ដើម្បីប៉ះប៉ូវទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីវាបានធ្លាក់ចុះដុនដាបខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ជុំវិញបញ្ហាជាច្រើនរាប់តាំងពីក្រុមហ៊ុន Huawei, ចារកម្ម រហូតដល់កូវីដ១៩។
ថ្លែងនៅទីក្រុង Darwin នៃប្រទេសអូស្រ្តាលី លោក Albanese បានលើកឡើងយ៉ាងដូច្នេះថា «ការដែលវាជាទស្សនកិច្ចលើកទី១ ក្នុងរយៈពេលប្រមាណ៧ឆ្នាំ ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំរបស់យើង គឺជាការបោះជំហានយ៉ាងវិជ្ជមានបំផុតមួយ ហើយខ្ញុំរំពឹងថានឹងមានកិច្ចពិភាក្សានិងសន្ទនាគ្នាប្រកបដោយភាពស្ថាបនា ជាមួយប្រធានាធិបតី ស៉ី និងនាយករដ្ឋមន្រ្តី លី អំលុងដំណើរទស្សនកិច្ចរបស់ខ្ញុំ»។
គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលលោក Albanese បានឡើងកាន់អំណាចកាលពីឆ្នាំ២០២២មក ចំណងទាក់ទងជាមួយចិន បានចាប់ផ្តើមវិលមករកស្ថិរភាពឡើងវិញ។ ចិនបានសម្រេចដកបម្រាមពាណិជ្ជកម្មភាគច្រើនចេញវិញ ដែលត្រូវបានដាក់អំលុងជម្លោះការទូត ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០២០ និងបានធ្វើឱ្យអូស្រ្តាលីខាតបង់ទំហំខ្ទង់១៣ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញនិងស្បៀងអាហារ។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងត្រូវចូលរួមពិព័រណ៍ផលិតផលនាំចូលលំដាប់កំពូលរបស់ចិន នៅទីក្រុងសៀងហៃ ដែលនឹងត្រូវបើកធ្វើដោយលោក លី នាថ្ងៃអាទិត្យសប្តាហ៍នេះ។ រួចហើយលោក Albanese នឹងជួបលោក ស៉ី នៅរដ្ឋធានីប៉េកាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ៕
រូបភាពពី Reuters