(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍នេះ បានចេញមុខទាត់ចោលពាក្យចចាមអារ៉ាមស្តីពីផែនការបង្កអស្ថិរភាព ប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីលោក Ferdinand Marcos Jr ដោយនិយាយថា កងកម្លាំងយោធាព្រមទាំងវិស័យសន្តិសុខទាំងមូល នៅតែស្មោះស្ម័គ្រចំពោះប្រធានាធិបតីជានិច្ច ដែលមានតួនាទីជាអគ្គមេបញ្ជាការកំពូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បាននិយាយដូច្នេះថា «ពិតណាស់ គឺមានការបញ្ចេញទស្សនៈនិងការជជែកគ្នា ក្នុងចំណោមមន្រ្តីយោធាចូលនិវត្តន៍ ឬអតីតមន្រ្តីយោធា ហើយក៏រួមមានទាំងការរិះគន់ខ្លះៗផងដែរ ប្រឆាំងគោលនយោបាយមួយចំនួនរបស់រដ្ឋបាលបច្ចុប្បន្ន ប៉ុន្តែពួកវាស្ថិតក្នុងព្រំដែននៃលំហប្រជាធិបតេយ្យរបស់យើង។ មិនមានគម្រោង ឬក៏ចលនាប៉ុនប៉ងបង្កអស្ថិរភាពណាមួយឡើយ ប្រឆាំងនឹងរដ្ឋាភិបាល»។ លោក Año បានបន្តថា វិស័យសន្តិសុខ-ការពារជាតិហ្វីលីពីន ត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់វិធានការភ្លាមៗប្រឆាំងនឹងក្រុមគំនិតអាក្រក់នានា ដែលមានបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិ។
ការលើកឡើងដូចខាងលើរបស់លោក Año ធ្វើឡើងបន្ទាប់ពីប្រមុខយោធាហ្វីលីពីន លោក Romeo Brawner ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តី ថ្លែងប្រាប់ទៅកាន់កងទ័ពកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកបានឮការនិយាយគ្នាអំពី «កិច្ចប្រឹងប្រែងបង្កអស្ថិរភាព» ដោយមានក្រុមមន្រ្តីយោធាមួយចំនួន យល់ឃើញថា លោក Marcos គួរតែត្រូវជំនួសតំណែងដោយសារហេតុផលជាច្រើន ហើយគួរតែមានការធ្វើរដ្ឋប្រហារ។ បើតាមលោក Año លោក Brawner ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តី ឬយល់អត្ថន័យខុស។
គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ដែលមានឈ្មោះដូចគ្នា និងជាកូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ដែលត្រូវបានផ្តួលរំលំពីអំណាច អំលុងបដិវត្តន៍អំណាចប្រជាជនឆ្នាំ១៩៨៦ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២២។ ប្រទេសអាស៊ានមួយនេះ ធ្លាប់ជួបប្រទះការប៉ុនប៉ងធ្វើរដ្ឋប្រហារយ៉ាងហោចជាង១០លើក គិតចាប់តាំងពីការផ្តួលរំលំឪពុកលោក Marcos គឺលោក Ferdinand Marcos Sr កាលពីឆ្នាំ១៩៨៦៕
រូបភាពពី AFP