(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានវាយប្រហារលើរថយន្តសង្រ្គោះបន្ទាន់ ដែលប្រើប្រាស់សម្រាប់ជម្លៀស អ្នករងរបួសពីភាគខាងជើងតំបន់ Gaza Strip ជាហេតុបណ្តាលឱ្យ​មនុស្ស១៥នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខាងយោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានរកឃើញមុខសញ្ញានិងវាយប្រហារលើរថយន្តសង្រ្គោះបន្ទាន់១គ្រឿង ដែលប្រើប្រាស់ដោយ​ក្រុមហាម៉ាស។ អ៉ីស្រាអែលបានអះអាងថា ពួកអ្នកប្រយុទ្ធរបស់ហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសនោះ ហើយចោទប្រកាន់ថា ក្រុមហាម៉ាសបានបន្លំដឹកជញ្ជូនអ្នកប្រយុទ្ធក៏ដូចជាសព្វាវុធ តាមរថយន្តសង្រ្គោះបន្ទាន់នៅតំបន់ Gaza។ យោធាអ៉ីស្រាអែលពុំបានផ្តល់ ភស្តុតាងណាមួយដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួននោះទេ ប៉ុន្តែបាននិយាយថា នឹងបញ្ចេញព័ត៌មានបន្ថែមទៀតនាពេលក្រោយ។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់លោក Izzat El Reshiq ដែលជាមន្រ្តីក្រុមហាម៉ាសវិញ ការលើកឡើងរបស់អ៉ីស្រាអែល ដែលថាអ្នកប្រយុទ្ធរបស់ហាម៉ាស មានវត្តមានក្នុងរថយន្តសង្រ្គោះបន្ទាន់ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។ ចំណែកឯលោក Ashraf al Qidra ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល Gaza បាននិយាយថា រថយន្តសង្រ្គោះបន្ទាន់ខាងលើ គឺជាផ្នែកនៃក្បួនរថយន្តសង្រ្គោះបន្ទាន់ ដែលអ៉ីស្រាអែលបានកំណត់គោលដៅវាយប្រហារ នៅក្បែរមន្ទីរពេទ្យ al-Shifa នៃទីក្រុង Gaza City។

អ៉ីស្រាអែល ដែលបានចោទប្រកាន់ក្រុមហាម៉ាស អំពីការលាក់កំបាំងទីបញ្ជាការនិងច្រកផ្លូវរូងក្រោមដី នៅក្រោមមន្ទីរពេទ្យ al-Shifa បានបង្គាប់ឱ្យជនស៉ីវិលទាំងអស់ចាកចេញពីតំបន់ភាគខាងជើង Gaza Strip កាលពីខែតុលា ហើយកងកម្លាំងយោធារបស់ខ្លួន បានធ្វើការ​ឡោមព័ទ្ធតំបន់នោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទោះបីបានបង្គាប់ឱ្យប្រជាជនស៉ីវិលជម្លៀសទៅភាគខាងត្បូងតំបន់ Gaza ក្តី យោធាអ៉ីស្រាអែលក៏បានបន្តការទម្លាក់គ្រាប់បែក លើភាគខាងត្បូងផងដែរ។ រីឯក្រុមហាម៉ាស និងអាជ្ញាធរមន្ទីរពេទ្យ al-Shifa បានច្រានចោល ការចោទប្រកាន់ដែលថា មន្ទីរពេទ្យនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋាន របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕

រូបភាពពី AFP