(មូស្គូ)៖ កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណថា សហរដ្ឋអាមេរិកមានព័ត៌មានសម្ងាត់ថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី គ្រោងនឹងផ្គត់ផ្គង់ក្រុម Hezbollah ដែលជាកងជីវពលលីបង់គាំទ្រដោយអ៊ីរ៉ង់ នូវប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

កាសែតនេះបាននិយាយថា ក្រុម Wagner គ្រោងនឹងផ្គត់ផ្គង់ប្រព័ន្ធ Pantsir-S1 ដែលអង្គការណាតូស្គាល់ថា ជា SA-22 ដែលប្រើមីស៊ីល និងកាំភ្លើងការពារអាកាសដើម្បីស្ទាក់យន្តហោះ។

ក្រុម Wagner ដែលត្រូវបានគាំទ្រមូលនិធិដោយរដ្ឋរុស្ស៊ី និងត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំដោយវិមានក្រឹមឡាំង ចាប់តាំងពីការបះបោរបរាជ័យរបស់អតីតមេដឹកនាំរបស់ខ្លួន លោក Yevgeny Prigozhin កាលពីខែមិថុនា មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។

មន្ត្រីអាមេរិកដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់ ដែលត្រូវបានដកស្រង់ដោយកាសែត Wall Street Journal បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានបញ្ជូននោះទេ។ ប៉ុន្តែកាសែតនេះបាននិយាយថា ក្រុមមន្ត្រីអាមេរិកកំពុងតាមដានការពិភាក្សាដែលពាក់ព័ន្ធនឹងក្រុមទាំងពីរនេះ។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា ប្រព័ន្ធ Pantsir-S1 នឹងត្រូវបានផ្គត់ផ្គង់ទៅឱ្យក្រុម Hezbollah តាមរយៈប្រទេសស៊ីរី ជាកន្លែងដែលរុស្ស៊ីបានគាំទ្រប្រធានាធិបតី Bashar al-Assad ក្នុងសង្រ្គាមស៊ីវិលនៅទីនោះក្នុងឆ្នាំ ២០១៥។

គួរបញ្ជាក់ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្កើត Hezbollah ក្នុងឆ្នាំ ១៩៨២ នៅចន្លោះសង្រ្គាមស៊ីវិលលីបង់ ដែលបានផ្ទុះឡើងរវាងឆ្នាំ ១៩៧៥ និង ១៩៩០ ។ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការនាំចេញបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ របស់ខ្លួនទូទាំងតំបន់ និងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីការលុកលុយប្រទេសលីបង់ក្នុងឆ្នាំ ១៩៨២ ផងដែរ។

ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលាមក ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ ក៏បានបាញ់ផ្លោងដាក់គ្នាឆ្លងកាត់ព្រំដែនអ៉ីស្រាអែល-លីបង់ ផងដែរ៕

រូបភាពពី Reuters