(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានប្រកាសការរៃអង្គាសស្វែងរកជំនួយបន្ទាន់ទំហំ១.២ពាន់លានដុល្លារ ដើម្បីយកទៅជួយប្រជាជនប្រមាណ ២.៧លាននាក់ នៅឯតំបន់ Gaza Strip និង West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់ UN បាននិយាយដូច្នេះថា «ទំហំនៃជំនួយបន្ទាន់ដើម្បីបំពេញតម្រូវការ​របស់មនុស្សប្រហែល ២.៧លាននាក់ ដែលជាចំនួនប្រជាជនសរុបទាំងអស់នៅ Gaza បូករួមជាមួយ៥០០,០០០នាក់ទៀតនៅ West Bank គឺត្រូវបានប៉ាន់ប្រមាណថាខ្ទង់១.២ពាន់លានដុល្លារ»។ ដំបូងឡើយ OCHA បានស្វែងរកថវិកាត្រឹម២៩៤លានដុល្លារប៉ុណ្ណោះ ដើម្បីយកទៅផ្តល់ជំនួយដល់មនុស្សជិត១.៣លាននាក់ ក្នុងការប្រកាសរៃអង្គាសកាលពីថ្ងៃទី១២ ខែតុលា ប៉ុន្តែ OCHA បានប្រាប់ថា ស្ថានការណ៍មកទល់ពេលនេះ គឺកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង។

គួរបញ្ជាក់ថា សង្រ្គាមខាងលើត្រូវបានបង្កឡើងដោយ សកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំរបស់ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា លើប្រទេសអ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង១,៤០០នាក់។ រីឯខាងអាជ្ញាធរសុខាភិបាលតំបន់ Gaza បានអះអាងថា មនុស្សយ៉ាងហោចជាង៩,០០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ចាប់តាំងតែពី​ពេលនោះមក៕

រូបភាពពី AFP