(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុង Tel Aviv ដើម្បីជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ក្នុងបុព្វហេតុមនុស្សធម៌សម្រាប់សង្រ្គាមតំបន់ Gaza Strip បន្ទាប់ពីអ៉ីស្រាអែលបាននិយាយថាកងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុងធំបំផុតនៃដែនដីប៉ាឡេស្ទីនមួយនេះ ដែលជាគោលដៅចម្បងបំផុតក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីវាយកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
កងកម្លាំងយោធាអ៉ីស្រាអែល បានបន្តវាយប្រហារឥតឈប់ឈរតាមដែនគោក ដែនអាកាស និងដែនទឹក ពេញមួយយប់ចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រនេះ លើតំបន់ Gaza ចំពោះមុខការបង្ហាញក្តីព្រួយបារម្ភជាសកល អំពីស្ថានភាពកាន់តែអាក្រក់ទៅៗនៅទីនោះ និងការកើនឡើងជាបន្តបន្ទាប់ នៃតួលេខប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ជីវិត។ កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៉ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនបានឡោមព័ទ្ធទីក្រុង Gaza City និងកំពុងបន្តរុលឆ្ពោះទៅមុខថែមទៀត។
លោក Blinken ដែលស្ថិតក្នុងដំណើរទស្សនកិច្ចលើកទី២ ទៅកាន់អ៉ីស្រាអែល ក្នុងរយៈពេលជិត១ខែ នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu អំពីចំណាត់ការរឹងមាំជាក់ស្តែង ដើម្បីកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៉ីវិល នៅតំបន់ Gaza ជាទីដែលស្បៀងអាហារ ទឹក ឥន្ធនៈ និងថ្នាំពេទ្យ នៅសល់ចំនួនតិចតួចបំផុត ដោយសារតែការបិទខ្ទប់របស់អ៉ីស្រាអែល និងជាទីដែលអគាររាប់ពាន់ខ្នងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយមនុស្សរាប់សិបម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។
សេតវិមានអាមេរិកបាននិយាយថា ការផ្អាកប្រយុទ្ធគ្នាណាមួយ គួរតែមានលក្ខណៈបណ្តោះអាសន្ន និងអាស្រ័យតាមទីតាំងនីមួយៗ ហើយបានច្រានចោល ចំពោះការអំពាវនាវពីសំណាក់ ក្រុមប្រទេសអារ៉ាប់និងប្រទេសមួយចំនួនផ្សេងទៀត ដែលចង់ឱ្យមានបទឈប់បាញ់ទាំងស្រុង ក្នុងសង្រ្គាមដែលឥឡូវមានរយៈពេលជិត ១ខែមកហើយ។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ Gaza មនុស្សយ៉ាងហោច៩,០៦១នាក់ហើយ បានស្លាប់ ភាគច្រើនជាស្រ្តីនិងកុមារ គិតចាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារសងសឹក លើដែនដីដែលមានប្រជាជនប៉ាឡេស្ទីន២.៣លាននាក់នេះ ក្រោយក្រុមហាម៉ាសបានឆ្មក់ធ្វើការវាយលុកទ្រង់ទ្រាយធំ លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមអ៉ីស្រាអែល ការវាយប្រហាររបស់ហាម៉ាស បានសម្លាប់មនុស្សជាង១,៤០០នាក់ ហើយមនុស្ស២៤០នាក់ផ្សេងទៀត រួមមានទាំងជនបរទេស ត្រូវបានចាប់យកទៅធ្វើជាចំណាប់ខ្មាំង៕
រូបភាពពី AFP