(ហ៊្សេរុយសាឡិម)៖ អ៊ីស្រាអែលដែលកំពុងប្រើប្រាស់កម្លាំងថ្មើរជើងចូលលុកលុយក្នុងតំបន់ហ្គាហ្សាបានថ្លែងថា គេបានឡោមព័ទ្ធទីក្រុងហ្គាហ្សាហើយ។ ទោះជាយ៉ាងណាក៏ដោយ, អ៊ីស្រាអែលកំពុងតែបារម្ភ នឹងការបង្កើតសមរភូមិថ្មីផ្សេងទៀត ដោយសារតែការប្រកាសជាបន្តបន្ទាប់របស់ក្រុមសកម្មជន ប្រយុទ្ធឥស្លាមក្នុងការធ្វើសង្គ្រាមដាក់លើអ៊ីស្រាអែល ដោយពួកគេប្តេជ្ញាថាមិនឱ្យប្រទេសអ៊ី ស្រាអែលនេះបានសុខឡើយ។

កងកម្លាំងយោធាអ៊ីស្រាអែលបានថ្លែងថា ពួកគេបានឡោមព័ទ្ធទីតាំងរឹងមាំរបស់ក្រុម ហាម៉ាសនៃទីក្រុងហ្គាហ្សា ខណៈដែលការប្រយុទ្ធយ៉ាងសាហាវដាក់គ្នាបានធ្វើទៅវិញទៅមក។ ទាហានអ៊ីស្រាអែលបាននិយាយថាក្រុមយុទ្ធជនហាម៉ាស បានធ្វើការឆ្មក់បាញ់ហើយរត់ Hit and Run Attacks នៅតាមបណ្តារូងក្រោមដីរបស់ពួកគេ។ អង្គការសហប្រជាជាតិ បាននិយាយថា មានសាលារៀនចំនួន៤ដែលគេបានប្រើប្រាស់ជា ជម្រកបណ្តោះអាសន្ននោះ ត្រូវបានខូចខាតដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល នោះ។

អង្គការការងារនិងជំនួយសហប្រជាជាតិ UNRWA បាននិយាយថា យ៉ាងហោចណាស់មាន មនុស្ស២៧នាក់ត្រូវបានគេសម្លាប់ នៅក្នុងសាលារៀនមួយក្នុងតំបន់ជំរំជនភៀសខ្លួន Jabalia ខណៈដែលកុមារម្នាក់ក៏ត្រូវបានគេសម្លាប់នៅសាលារៀនមួយកន្លែង ដែលប្រើប្រាស់ជាជំរក ជនភៀសខ្លួនដែលហេតុការណ៍នេះ បានកើតឡើងស្ថិតក្នុងជំរំជនភៀសខ្លួនមាត់ឆ្នេរសមុទ្ទ។
វីដេអូមួយដែលបង្ហាញតាមបណ្តាញសង្គម បានបង្ហាញនូវមនុស្សជាច្រើនរួមទាំងកុមារនាំគ្នារត់ប្រសាច ដើម្បីរកកន្លែងជ្រកពួនខណៈដែលស្នូរផ្ទុះ ដោយការវាយប្រហារបានកើតឡើងជាបន្ត បន្ទាប់។ សម្លេងស្រែក បង្ហាញការភ័យខ្លាចរបស់មនុស្ស ដែលរត់រកទីមានសុវត្ថិភាពបានឮគួរ ឱ្យរន្ធត់យ៉ាងក្រៃលែង។

ក្រុមហាម៉ាស់នៅហ្គាហ្សាបានបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អង្គការសហប្រជាជាតិនៅជាមួយគ្នានេះ បានព្រមានអំពីការខ្វះខាតទឹកដែលមានសភាពកាន់តែអាក្រក់ទៅៗ ជាលំដាប់។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា បាននិយាយថា មានជនជាតិប៉ាឡេស្ទីនជាង ៩ពាន់នាក់ ហើយដែលត្រូវបានគេសម្លាប់ក្នុងតំបន់ហ្គាហ្សានេះ។ មន្ត្រីអង្គការសហប្រជាជាតិបានអំពាវនាវឱ្យ មានបទឈប់បាញ់មនុស្សធម៌ ដោយនិយាយថា ពលរដ្ឋប៉ាឡេស្ទីនគ្មានកន្លែងនឹងរត់ជ្រកពួន ចំពោះមុខនៃគ្រោះថ្នាក់ធ្ងន់ធ្ងរនៃអំពើសម្លាប់ រង្គាលមនុស្សទាំងនេះបានឡើយ។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា "ស្ថានភាពនៅហ្គាហ្សាបានឈានដល់ចំណុច មហន្តរាយ" ហើយ ខណៈប្រងឥន្ធនៈនានាត្រូវបានបិទជិត មិនឱ្យមានការនាំចូល និងភាពខ្វះ ខាតទឹកបានធ្វើឱ្យពលរដ្ឋប្រឈមនឹង ចំណោទសុវត្ថិភាពទឹកស្អាតយ៉ាងក្រៃលែង។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា "ទឹកមានសារៈសំខាន់សម្រាប់ជីវិតមនុស្សនិងថា នាពេលនេះ ប្រជាជនពីរលាននាក់ក្នុងតំបន់ហ្គាហ្សាកំពុងស្រវេស្រវាក្នុងការស្វែងរកទឹកផឹក។

បេសកកម្មអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានហៅការធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍កើតឡើងនេះថា "គួរឱ្យសោកស្តាយ និងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង" ប៉ុន្តែពួកគេបែរជាស្តីបន្ទោសឱ្យក្រុមហាម៉ាស់តែម្ខាង ទៅវិញចំពោះការស្លាប់ជនស៊ីវិលនិងចំ ណោទនានាដែលពលរដ្ឋក្នុងតំបន់ហ្គាហ្សាកំពុងតែប្រឈម។ នៅជាមួយគ្នានេះដែរ, ក្រុមទាហានអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃទី២វិច្ឆិកា ថាពួកគេបានសម្លាប់យុទ្ធជនហាម៉ាសប្រមាណ១៣០ នាក់ខណៈទាហានអ៊ីស្រាអែលយ៉ាងហោច១៩ នាក់ ត្រូវបានស្លាប់ចាប់តាំងពីមានយុទ្ធនាការវាយលុក ដោយថ្មើរជើងចូលក្នុងតំបន់ហ្គាហ្សា នេះ មក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា កងទ័ពរបស់លោកបាន ស្ថិតក្នុងភាពជោគជ័យ នៅលើសមរភូមិប្រយុទ្ធក្នុងតំបន់ហ្គាហ្សា។ សេចក្តីរាយការណ៍បាន បង្ហាញវត្តមានរបស់លោក Benjamin Netanyahu ចុះសាកសួរសុខទុក្ខទាហានកំពុងធ្វើ សង្គ្រាមលើសមរភូមិដោយផ្ទាល់។ លោក Benjamin Netanyahu បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់អ្នកមិនជាប់ពាក់ព័ន្ធ ត្រូវតែ ចាកចេញនិងត្រូវធ្វើដំណើរទៅកាន់ភាគខាងត្បូង ពីព្រោះយើងនឹងមិនបោះបង់ចោលនូវកិច្ច ប្រឹងប្រែងរបស់យើងដើម្បីវាយកម្ចាត់ ក្រុមភេរវករហាម៉ាសឡើយ, យើងនឹងត្រូវធ្វើដំណើរ រុលទៅមុខហើយយើងនឹងទទួលជោគជ័យ»។ ការវាយប្រហារដោយកម្លាំងថ្មើរជើងដោយមាន ការគាំទ្រពីកម្លាំងកងទ័ពជើងអាកាសនិងពី កងទ័ពជើងទឹករបស់អ៊ីស្រាអែលថែមទៀតនោះ, ប្រតិបត្តិការលុកលុយចូលតំបន់ហ្គាហ្សា ដើម្បីសម្លាប់ក្រុមហាម៉ាស បានរំកិលទៅមុខបន្តិចម្តងៗបើទោះបីជាមានការប៉ះទង្គិចគ្នាតាម កន្លែងមួយចំនួនរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលយ៉ាងណាក៏ដោយ។ សេចក្តីរាយការណ៍ ថ្ងៃទី៣វិច្ឆិកានេះ បានឱ្យដឹងថាក្រុងហ្គាហ្សាបានស្ថិតក្នុងរង្វង់ការឡោមព័ទ្ធទាំងស្រុងហើយ។

នៅក្នុងសហរដ្ឋអាមេរិកនោះវិញ, ខណៈពេលដែលប្រជាជនក្នុងតំបន់ហ្គាហ្សាកំពុងរងទុក្ខ វេទនាដោយសារការទម្លាក់គ្រាប់បែក និងការវាយប្រហាររបស់អ៊ីស្រាអែលនោះ, ពលរដ្ឋអាមេរិកម្នាក់ដែលចូលរួមស្តាប់ការថ្លែងសុន្ទរកថា របស់លោកចូបៃដិនក្នុងរដ្ឋមីនីសូតា បានស្រែក អំពាវនាវដើម្បីឱ្យប្រធានាធិបតីអាមេរិក រកការបញ្ឈប់កិច្ចបាញ់គ្នាមួយដើម្បីជួយប្រជាពលរដ្ឋ ស្លូតត្រង់ដែលគ្មានកំហុស។
ស្ត្រីម្នាក់បានស្រែកកាត់ការថ្លែងសុន្ទរកថាលោកចូបៃដិន នាពេលនោះដោយនិយាយថា «លោកប្រធានាធិបតី, បើសិនជាលោកយកចិត្តទុក្ខដាក់ពលរដ្ឋជ្វីហ្វពិតមែន ក្នុងនាមជា គ្រូគង្វាលម្នាក់ខ្ញុំត្រូវការឱ្យលោកអំពាវនាវ ឱ្យមានការបញ្ឈប់បាញ់គ្នាក្នុងពេលនេះភ្លាមៗ»។

សហរដ្ឋអាមេរិកបានប្រឆាំងនឹងការស្នើរកកិច្ចបញ្ឈប់បាញ់គ្នាក្នុងតំបន់ហ្គាហ្សានោះ ប៉ុន្តែ ជាការឆ្លើយតបនឹងស្ត្រីដែលបានស្រែកអំពាវនាវ កាត់សង្វាក់ថ្លែងសុន្ទរកថារបស់លោកនា ពេលនោះ, លោកចូបៃដិន បានថ្លែងថាលោកគិតនូវការស្នើរកការផ្អាកប៉ុន្តែមិនមែនការឈប់ បាញ់ទាំងស្រុងនោះឡើយ។ រដ្ឋបាលលោកចូបៃដិនតែងបដិសេធជាប្រចាំនូវសំណើ ឈប់បាញ់គ្នាប៉ុន្តែបានផ្តល់ភ្លើងបៃតង ដល់អ៊ីស្រាអែលគប្បីពិចារណារកការផ្អាកជាមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលអាចទទួល បានជំនួយនិងឱ្យជនបរទេសដែលជាប់ ក្នុងតំបន់ហ្គាហ្សាអាចធ្វើការចាកចេញពីតំបន់ហ៊ុំព័ទ្ធ នោះបាន។

ជនបរទេសមួយចំនួននាពេលនេះត្រូវគេឃើញថា អាចចាកចេញពីតំបន់ហ្គាហ្សាបានហើយ បន្ទាប់ពីច្រក Rafah ជាមួយអេហ្ស៊ីបបានបើកសម្រាប់ថ្ងៃទីពីរ។ ប្រធានាធិបតីលោកJoe Biden បាននិយាយថាមានជនជាតិអាមេរិកជាង៧០នាក់ បានស្ថិតក្នុងចំណោមពួកគេ។ សេចក្តីរាយ ការណ៍បង្ហាញថាគេនឹងព្យាយាមបើកឱ្យ ប្រជាជនដែលកាន់លិខិតឆ្លងដែនបរទេសចាកចេញ ក្នុងមួយថ្ងៃយ៉ាងហោចដល់៥០០នាក់ខណៈដែលពលរដ្ឋកាន់លិខិតឆ្លងដែនបរទេសដែល ជាប់ក្នុងតំបន់ហ្គាហ្សានោះ មានច្រើនដល់ជាង៧ពាន់នាក់ឯនោះ។ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនៃអង្គការជំនួយផ្នែកវេជ្ជសាស្រ្ដ របស់អង្គការគ្មានព្រំដែន Doctor Without Borders បានថ្លែងថាមានអ្នករបួសជាង២ម៉ឺននាក់នៅកំពុងជាប់ នៅក្នុងតំបន់ហ្គាហ្សានោះ និង ថាពួកគេមិនអាចចាកចេញបានឡើយ។

នៅថ្ងៃសុក្រទី៣វិច្ឆិកាឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បាន ធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែលសាជាថ្មី ដែលជាដំណើរទស្សនកិច្ចលើកទី៣ហើយចាប់ តាំងពីមានសង្គ្រាមកើតឡើងប្រមាណ ជិតមួយខែមកនេះ។ ដំណើរទស្សនកិច្ចរបស់លោក Blinken គឺជាដំណើរដែលបង្ហាញនូវជំហរគាំទ្ររបស់សហរដ្ឋ អាមេរិកលើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស និងជាដំណើរទស្សន កិច្ចដែលមានការរំពឹង ថានឹងផ្តោតលើអនាគតនៃតំបន់ហ្គាហ្សាបន្ទាប់ពីអ៊ីស្រាអែលឈ្នះ សង្គ្រាម ក្នុងនោះរួមមានការគិតដល់អនាគតរបស់ប្រជាជនប៉ាឡេស្ទីន, ជំនួយមនុស្សធម៌និង ការធានាស្វែងរកធ្វើយ៉ាងណាមិនឱ្យ មានសង្គ្រាមរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ានោះជា ដើម។

ដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះទៀត ត្រូវគេរាយការណ៍ថា នឹងពិនិត្យ ផង ដែរលើបញ្ហាចំណាប់ខ្មាំងជាង២០០នាក់ ដែលក្រុមហាម៉ាសបានចាប់ និងលោក Blinken ត្រៀមនឹងធ្វើដំណើរទៅប្រទេសហ្សកដង់ និងបន្តធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន ទៀត នៅក្នុងទ្វីបអាស៊ី។ ប៉ុន្តែដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះ បានទន្ទឹមនឹងក្តី បារម្ភថាសង្គ្រាមរបស់អ៊ីស្រាអែលដាក់លើ តំបន់ហ្គាហ្សាដែលធ្វើឱ្យមានមនុស្សស្លាប់និងរបួស ជារៀងរាល់ថ្ងៃមកនេះ ទំនងមិនអាចទប់ជាប់ថាមិនឱ្យរីករាលដាលនោះឡើយ។
ការវាយលុកដោយថ្មើរជើងចូលក្នុងតំបន់ហ្គាហ្សាបាននាំឱ្យមានការងើបតស៊ូប្រឆាំងនានា របស់ក្រុមសកម្មជនឥស្លាម។ ចលនាក្រុម Hezbollah នៅប្រទេសលីបង់បាននិយាយថា ពួកគេបានវាយប្រហារលើគោលដៅចំនួន ១៩ ក្នុងប្រទេសអ៊ីស្រាអែល ក្នុងពេលដំណាលគ្នា ដែលជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយរបស់ខ្លួន ដាក់មកលើអ៊ីស្រាអែល។

ក្រុមយោធាអ៊ីស្រាអែលបាននិយាយមកវិញថា គេក៏បានវាយប្រហារតបតជាបន្តបន្ទាប់លើគោលដៅ ក្រុមហេសបូឡានៅលីបង់វិញជាការឆ្លើយតបទៅ។ ការវាយប្រហារដ៏ខ្លាំងក្លារបស់ក្រុមហេសបូឡា ពីប្រទេសលីបង់នេះ បានធ្វើឡើងនៅមុនពេល ដែលមេដឹកនាំហេសបូឡាលោក Hassan Nasrallaត្រៀមនឹងថ្លែងសុន្ទរកថាលើកដំបូងមួយ របស់ខ្លួន ដែលរំពឹងថានឹង កាន់តែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែមានភាព ប្រែប្រួលថែមទៀត។ សុន្ទរកថានោះត្រូវគេរំពឹងថានឹងធ្វើនៅថ្ងៃស្អែកនេះដែលគេនឹងដឹងថា តើក្រុមហេសបូឡានឹងប្រកាសសង្គ្រាមចេញមុខ ដាក់ជាមួយនឹងប្រទេសអ៊ីស្រាអែលដែរឬ យ៉ាងណា? ក្រុមយុទ្ធជនហេសបូឡា ត្រូវគេរាយការណ៍ថាគឺជាក្រុមដែលមានឥទ្ធិពលខ្លាំង ជាងគេក្នុងចំណោមបណ្តាក្រុមយុទ្ធជនឥស្លាមនានាក្នុងតំបន់មជ្ឈិមបូព៌ា។

ទាហានអ៊ីស្រាអែលនៅចំពោះមុខនឹងអំពើគំរាមកំហែងរបស់ក្រុមយុទ្ធជនហេសបូឡានេះត្រូវគេរាយការណ៍បានធ្វើលំហាត់សមយុទ្ធមួយនាភាគខាងជើងប្រទេសដើម្បីការត្រៀមទប់ទល់ នឹងសភាពការណ៍ដែល អាចនឹងប្រែប្រួលកើតឡើងបន្ទាប់ពីសម្តីប្រកាសរបស់មេដឹកនាំ ហេសបូឡាជាពិសេសការ ត្រៀមទប់ទល់បង្កាក្រែងមានការវាយលុកមកពីភាគខាង ជើងប្រ ទេសដែលជាប់នឹងប្រទេសលីបង់។ ប្រសិនបើក្រុមហេស បូឡាប្រកាសការចូលរួមក្នុង សង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលមែននោះ, គេរំពឹងថាអ៊ីស្រាអែល ពិតជានឹងធ្វើការវាយប្រហារ ចូលជ្រៅក្នុងទឹកដីនៃប្រទេសលីបង់ថែមទៀតជាមិនខានឡើយ។ នាពេលនេះ គេកំពុងរង់ចាំ មើលថាតើមេដឹកនាំហេសបូឡាលោក Hassan Nasralla នឹងធ្វើការ ប្រកាសអ្វីខ្លះនាពេលខាង មុខបន្តិចទៀតនេះ។

នៅជាមួយគ្នានេះផងទៀត, សេចក្តីរាយការណ៍នានាបានឱ្យដឹងស្រង់ព័ត៌មានចារកម្មសម្ងាត់ របស់សហរដ្ឋអាមេរិកដែលនិយាយថា ប្រទេសស៊ីរីនឹងផ្តល់ដល់ក្រុមហេសបូឡានូវមីស៊ីល ផលិតដោយប្រទេសរុស្ស៊ីថែមទៀត។ ចារកម្មសម្ងាត់អាមេរិក ត្រូវគេដកស្រង់ព័ត៌មានដែលរាយការណ៍ថាក្រុមទាហាន Wagner របស់រុស្ស៊ី នឹងអាចផ្តល់ឱ្យក្រុមហេសបូឡានូវប្រព័ន្ធអា វុធការពារអាកាសSA-22 ខណៈដែលក្រុមហេសបូឡានៅក្នុងប្រទេសលីបង់បានបន្តការ បាញ់មី ស៊ីលដាក់មកលើទឹកដីអ៊ីស្រាអែល។ ប្រព័ន្ធអាវុធ SA-22 ដែលគេស្គាល់ឈ្មោះថា Pantsir ប្រព័ន្ធអាវុធការពារអាកាសរយៈចម្ងាយខ្លីដែលបំពាក់លើរថយន្តយោធាដែលមាន សមត្ថភាពបាញ់ទម្លាក់យន្តហោះប្រយុទ្ធ, ឧទ្ធម្ភាគចក្រ, មីស៊ីលបាលីស្ទីកនិងមីស៊ីលគ្រូស ជាដើម។

នៅក្នុងសប្តាហ៍នេះផងដែរ ក្រុមសកម្មជនឥស្លាម Houthis នៃប្រទេសយេម៉ែន បានប្រកាស សង្គ្រាមរបស់ខ្លួនរួចទៅហើយ ដាក់លើអ៊ីស្រាអែល។ ក្រុមហ៊ូធីកាលពីថ្ងៃអង្គារ៍ ទី១វិច្ឆិកា បានបាញ់មីស៊ីល, បាញ់គ្រាប់រ៉ុក្កែត និង បាញ់បង្ហោះដ្រូន អត្តឃាតរបស់ពួកគេដាក់លើ ទឹកដីអ៊ីស្រាអែល និង ប្តេជ្ញាថាបន្តធ្វើរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារដាក់លើ ប្រជាជនប៉ាឡេស្ទីន៕

រូបភាពពី AFP