(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អគ្គីភ័យដ៏ធំមួយនៅឯមជ្ឈមណ្ឌលស្តារនីតិសម្បាទាអ្នកញៀនថ្នាំ ភាគខាងជើងប្រទេស បណ្តាលឲ្យមនុស្សចំនួន ៣២នាក់ស្លាប់ និងរបួស ១៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារព័ត៌មាន Mehr បានឲ្យដឹងថា តុលាការកំពុងស៉ើបអង្កេតមូលហេតុនៃអគ្គីភ័យ នៅក្នុងមណ្ឌលបន្សាបសារធាតុញៀន ក្នុងខេត្ត Gilan នៃតំបន់សមុទ្រ Caspian។ ចំណែក ទីភ្នាក់ងារសារព័ត៌មាន Mizan ក៏បានឲ្យដឹងផងដែរថា ប្រធាននិងមន្ត្រីរបស់មជ្ឈមណ្ឌលនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។

គួរបញ្ជាក់ថា បើតាមការិយាល័យអង្គការសហប្រជាជាតិគ្រប់គ្រងបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម អ៉ីរ៉ង់ ជាប្រទេសមានបញ្ហាញៀនគ្រឿងញៀនធ្ងន់ធ្ងរបំផុតមួយនៅក្នុងពិភពលោក។ អ៉ីរ៉ង់ ស្ថិតនៅលើផ្លូវជួញដូរដ៏ចម្បងសម្រាប់ថ្នាំអាភៀន ហើយក៏ជាជាប្រភពនៃថ្នាំអាភៀន និងហេរ៉ូអ៊ីន សម្រាប់អាហ្វហ្គានីស្ថាន រហូតដល់អឺរ៉ុបខាងលិច៕

រូបភាពពី AFP