(បេរូត)៖ ក្រុម Hezbollah របស់ប្រទេសលីបង់ បានធ្វើការវាយប្រហារជាច្រើនលើទីតាំងកងទ័ពអ៉ីស្រាអែល និងប្រើយន្តហោះដ្រូនបំផ្ទុះលើកដំបូង ខណៈអ៉ីស្រាអែលវិញ បានបើកការវាយប្រហារតាមផ្លូវអាកាសមកលើភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

Hezbollah បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារដំណាលគ្នាចំនួន ១៩លើក លើទីតាំងកងទ័ពក្នុងប្រទេសអ៊ីស្រាអែលដោយប្រើមីស៉ីលកំណត់គោលដៅ កាំភ្លើងធំ និងអាវុធផ្សេងទៀត។ ដោយឡែក យន្តហោះ ២គ្រឿងផ្ទុកទៅដោយគ្រឿងផ្ទុះ បានវាយប្រហារចំទីតាំងបញ្ជាការកងទ័ពអ៉ីស្រាអែល ក្នុងតំបន់មានជម្លោះ Shebaa Farms នៅតាមព្រំដែន។

កងទ័ពអ៉ីស្រាអែល ក៏បានឲ្យដឹងថា ឆ្លើយតបទៅនឹងការបាញ់ចេញពីលីបង់ឆ្ពោះមកអ៉ីស្រាអែល ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ទៅលើគោលដៅរបស់ក្រុមហេសបូឡា អមដោយការបាញ់រថក្រោះ និងកាំភ្លើងធំ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ មនុស្ស ៤នាក់ត្រូវបានសម្លាប់នៅជិតភូមិ Hula ភាគខាងត្បូង អំឡុងពេលការបាញ់ផ្លោងរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់ ក៏បានបាញ់ផ្លោងដាក់គ្នាឆ្លងកាត់ព្រំដែនអ៉ីស្រាអែល-លីបង់ ផងដែរ៕