(ញូវដែលី)៖ នៅថ្ងៃសុក្រនេះ ប្រជាជននៅរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌា បានប្រឈមជាមួយផ្សែងអ័ព្ទពុលក្រាស់ឃ្មឹក ហើយសាលារៀនមួយចំនួន ត្រូវបានបង្គាប់ឱ្យបិទទ្វាររយៈពេល២ថ្ងៃ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចុះដល់កម្រិត «ធ្ងន់ធ្ងរ» នៅតាមផ្នែកខ្លះនៃទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ័ព្ទពុលតែងតែកកើតនៅលើទីក្រុងញូវដែលីរៀងរាល់រដូវរងា ដោយសារខ្យល់ត្រជាក់ដែលមានទម្ងន់ធ្ងន់ បង្ខាំងទុកភាគល្អិតតូចៗ ដែលចេញមកពីការដ្ឋានសំណង់ ការបំភាយឧស្ម័នយានយន្ត និងការដុតកាកសំណល់កសិកម្ម នៅតាមរដ្ឋក្បែរខាងនោះ ហើយវាបានបង្កឱ្យមានការស្ទុះឡើង នូវបញ្ហាជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជនប្រមាណ ២០លាននាក់នៃទីក្រុងនេះ។ អ្នកស្រុកទីក្រុងញូវដែលី នៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអាការៈរមាស់ភ្នែកនិងបំពង់ក ដោយខ្យល់អាកាសប្រែក្លាយទៅជាពណ៌ប្រផេះក្រាស់ឃ្មឹក ខណៈដែលសន្ទស្សន៍ AQI បានរក្សានៅក្បែរៗកម្រិត៤៨០ នៅតាមស្ថានីយឃ្លាំមើលមួយចំនួន ក្នុងទីក្រុង។
គួរបញ្ជាក់ថា សន្ទស្សន៍ AQI ចន្លោះ០-៥០ គឺត្រូវចាត់ទុកជាកម្រិតល្អ ខណៈកម្រិតឈានដល់ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់សុខភាពមនុស្ស ហើយត្រូវចាត់ទុកជា កម្រិតគ្រោះថ្នាក់មួយ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយស្រាប់។ នៅថ្ងៃសុក្រនេះ ទីក្រុងញូវដែលី បានស្ថិតនៅលេខរៀងកំពូលគេ នៃបញ្ជីទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុត ដែលផ្អែកលើពេលវេលាពិតជាក់ស្តែង និងត្រូវបានច្រងក្រងដោយក្រុមមានមូលដ្ឋាននៅប្រទេសស្វីស IQAir ដែលបានដាក់សន្ទស្សន៍ AQI របស់រដ្ឋធានីឥណ្ឌា នៅកម្រិតរហូតដល់ ៦១១ ក្នុងប្រភេទគ្រោះថ្នាក់ធ្ងន់ធ្ងរ៕