(ប៉ារីស)៖ ព្យុះភ្លៀងឈ្មោះថា Ciaran បានបោកបក់លើតំបន់ភាគខាងលិចនៃទ្វីបអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានសម្លាប់​មនុស្សយ៉ាងហោចចំនួន៦នាក់ ព្រមទាំងបង្ខំឱ្យសាលារៀន អាកាសយានដ្ឋាន និងសេវារថភ្លើង ត្រូវផ្អាកប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមអាជ្ញាធរ អ្នកបើករថយន្តទឹកទំនិញម្នាក់បានស្លាប់ នៅពេលត្រូវដើមឈើបាក់សង្កត់លើ ក្នុងប្រទេសបារាំង ខណៈករណីស្លាប់ទី២ ត្រូវបានរាយការណ៍នៅទីក្រុង Le Havre។ ការដួលរំលំដើមឈើ ក៏បានបង្កស្លាប់ស្រ្តីម្នាក់ផងដែរ នៅឯរដ្ឋធានីម៉ាឌ្រីដនៃប្រទេសអេស៉្បាញ និងម្នាក់ទៀតនៅភាគខាងត្បូងប្រទេសហូឡង់។ រីឯមនុស្ស២នាក់ ផ្សេងទៀត បានបាត់បង់ជីវិតនៅក្រុង Ghent នៃប្រទេសបែលហ្ស៉ិក ក្នុង​នោះម្នាក់ជាក្មេងអាយុត្រឹម៥ឆ្នាំ និងម្នាក់ជាស្រ្តីជនជាតិអាល្លឺម៉ង់អាយុ៦៤ឆ្នាំ។ នៅបារាំង ប្រជាជនប្រហែលជា ១.២លានគ្រួសារ គឺមិនមាន​អគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះ។

គួរបញ្ជាក់ថា ព្យុះ Ciaran ដែលកើតឡើងក្រោយព្យុះមួយទៀតឈ្មោះ Babet កាលពី២សប្តាហ៍មុន គឺត្រូវបានជំរុញដោយបាតុភូតលំហូរ​ខ្យល់បក់ ហៅថា jet stream ដ៏មានឥទ្ធិពលមួយ ដែលបានបក់មកពីមហាសមុទ្រអាត្លង់ទិច។ Ciaran បានបណ្តាលឱ្យមានការធ្លាក់ភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំងក្លា ដែលបានបង្កទឹកជំនន់ធ្ងន់ធ្ងររួចស្រាប់ នៅអៀរឡង់ខាងជើង និងផ្នែកមួយចំនួននៃចក្រភពអង់គ្លេស៕

រូបភាពពី AFP