(បាងកក)៖ ក្រុមមន្រ្តីថៃបានឱ្យដឹងថា ប្រទេសថៃកំពុងព្យាយាមរិះរកមធ្យោបាយ ដើម្បីនាំពលរដ្ឋខ្លួនចំនួន១៦២នាក់ ដែលជាប់នៅមីយ៉ាន់ម៉ា ចំពោះមុខការកើនឡើងកម្តៅ នៃការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយនិងក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច នៅតំបន់ក្បែរព្រំប្រទល់ជាប់ប្រទេសចិន ត្រឡប់មកកាន់មាតុភូមិវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
កិច្ចប្រឹងប្រែងខាងលើដើម្បីជួយសង្រ្គោះជនជាតិថៃចេញពីភាពវឹកវរ នៅមីយ៉ាន់ម៉ាដែលជាប្រទេសក្បែរខាងគ្នា គឺកើតមានឡើងស្របពេលដែលជនជាតិថៃយ៉ាងហោច៣០នាក់ ភាគច្រើនជាពលករធ្វើការក្នុងវិស័យកសិកម្ម ត្រូវបានសម្លាប់អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល។ ជនជាតិថៃ១៦នាក់ផ្សេងទៀតក៏បានរងរបួស ហើយជាង២០នាក់ក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំងជាង២០០នាក់ ដែលត្រូវបានពួកហាម៉ាស ចាប់ពង្រត់យកទៅពីអ៉ីស្រាអែល ផងដែរ។
ការប្រយុទ្ធគ្នាបានកើនឡើងកម្តៅខ្លាំងកាលពីសប្តាហ៍មុននៅរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា ជាទីដែលសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសហការគ្នាបើកការវាយប្រហារលើទីតាំងផ្សេងរបស់កងទ័ព។ របបសឹកមីយ៉ាន់ម៉ានិយាយថា ខ្លួនបានបាត់បង់ការគ្រប់គ្រងលើក្រុងមួយចំនួន នៅតាមបណ្តោយព្រំដែនជាប់ប្រទេសចិន រួមមានទាំងក្រុង Chinshwehaw ដែលនៅជាប់ខេត្ត Yunnan របស់ចិនផងដែរ។
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានប្រាប់ឱ្យស្ថានទូតថៃនៅមីយ៉ាន់ម៉ា ធ្វើការជាមួយអាជ្ញាធរដើម្បីជម្លៀសពលរដ្ឋថៃ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈពលរដ្ឋថៃនិងជនជាតិដទៃទៀតកំពុងជាប់ខ្លួន ដោយសារតែការប្រយុទ្ធគ្នា។ ការិយាល័យរបស់លោក សេដ្ឋា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ «នាពេលនេះ ស្ថានទូតកំពុងតែពិភាក្សាលើមធ្យោបាយ ដើម្បីជួយជនជាតិថៃទាំងអស់ ត្រឡប់មកកាន់មាតុប្រទេសវិញឱ្យបានឆាប់»។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងតែពីការធ្វើរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលដឹកនាំដោយលោកស្រី អោងសាន ស៊ូជី៕
រូបភាពពី AFP