(អាម៉ាន់)៖ រដ្ឋមន្រ្តីការបរទេសហ្ស៊កដានី លោក អៃម៉ាន់ សាហ្វាឌី (Ayman Safadi) នឹងប្រាប់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងអាម៉ាន់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា អ៉ីស្រាអែលត្រូវតែបញ្ឈប់ធ្វើសង្រ្គាមនៅតំបន់ Gaza ជាទីដែលលោកនិយាយថា មានការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ដោយការទម្លាក់គ្រាប់បែកលើជនស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងថា លោក Safadi ធ្លាប់បានព្រមានអ៉ីស្រាអែលថា ការមិនត្រៀមខ្លួនដើម្បីបញ្ចប់ សង្រ្គាម កំពុងជំរុញឲ្យតំបន់នេះឆ្ពោះទៅរកសង្រ្គាម ដែលគំរាមកំហែងដល់សន្តិភាពពិភពលោក។ លោក Safadi ក៏នឹងសង្កត់ធ្ងន់នៅចំពោះមុខ លោក Blinken អំពីតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សង្គ្រាមអ៉ីស្រាអែលលើតំបន់ Gaza ហើយអ៉ីស្រាអែលត្រូវគោរពតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ជម្លោះបានធ្វើឲ្យមានការភ័យខ្លាចជាយូយារណាស់មកហើយក្នុងប្រទេសហ្ស៊កដានី ដែលជាជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដ៏ច្រើន និងសាច់ញាតិរបស់ពួកគេថា ការបះបោរកាន់តែធំនឹងផ្តល់ឱកាសដល់អ៉ីស្រាអែល អនុវត្តគោលនយោបាយផ្ទេរអំណាច ដើម្បីបណ្តេញ ប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីតំបន់ West Bank៕