(វ៉ាស៉ីនតោន)៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក (រដ្ឋសភា) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តកញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជិត ១៤.៥ពាន់លានដុល្លារ សម្រាប់អ៉ីសា្រអែល ដែលជាការបង្ហាញសាច់ដុំឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះសង្គ្រាមជាមួយក្រុមហាម៉ាស។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Mike Johnson ដែលទើបតែជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា កញ្ចប់ថវិកាដែលបក្សសាធារណៈរដ្ឋ នឹងជួយដោះស្រាយបាននូវតម្រូវការរបស់អ៉ីស្រាអែលក្នុងការការពារខ្លួន ស្វែងរកការដោះលែងចំណាប់ខ្មាំង និងកម្ទេចក្រុមហាម៉ាស ខណៈយើងក៏ធ្វើការដើម្បីធានាថា មានការចំណាយប្រកបដោយការទទួលខុសត្រូវ និងកាត់បន្ថយទំហំចំណាយរបស់ រដ្ឋាភិបាលសហព័ន្ធ។
គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបានចាត់ទុកការអនុម័តនេះថា ជាវិធីសាស្រ្តបំបែករបស់ក្រុមចម្រុះ លើកិច្ចការផ្តល់ជំនួយសន្តិសុខ បន្ទាន់ និងបានព្រមានវេតូលើសេចក្តីសម្រេចចុងក្រោយ។ លោក បៃដិន និយាយថា លោកនឹងវេតូសេចក្តីព្រាងច្បាប់ស្ដីពីកញ្ចប់ជំនួយខាងលើដែល ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ក្នុងសំឡេងគាំទ្រ ២២៦ ទល់នឹង ១៩៦សំឡេងជំទាស់ ខណៈសមាជិករបស់បក្សប្រជាធិបតេយ្យចំនួន ១២នាក់ បានចូលរួមជាមួយបក្សសាធារណរដ្ឋ បោះឆ្នោតគាំទ្រ។
ការអនុម័តកញ្ចប់ថវិកាខាងលើ គឺតិចជាងឆ្ងាយកញ្ចប់ថវិកាដែលលោក បៃដិន ស្នើដល់ទៅ ១០៦ពាន់លានដុល្លារ សម្រាប់គាំទ្រអ៉ីស្រាអែល អ៊ុយក្រែន និងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់ជាមួយចិន និងដោះស្រាយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនអាមេរិកជាប់ម៉ិកស៊ិក៕
រូបភាពពី Reuters