(យ៉ាងហ្គន)៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បាននិយាយថាយោធារបស់លោកនឹងវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែល បានវាយដណ្ដើមកាន់កាប់ទីក្រុងមួយយុទ្ធសាស្ត្រមួយ នៅភាគខាងជើងនៃប្រទេស ជាប់ព្រំដែនជាមួយចិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការវាយប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ក្នុងរដ្ឋ Shan ស្ថិតនៃភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលក្រុមអ្នកវិភាគចាត់ទុកថានេះជាការគំរាមកំហែងយោធាធំបំផុតចំពោះរបបសឹក ចាប់តាំងពី បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីឆ្នាំ២០២១មក។
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Myanmar National Democratic Alliance Army (MNDAA) Ta'ang National Liberation Army (TNLA) និង Arakan Army (AA) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានដណ្ដើមបានប៉ុសិ៍យោធារាប់សិបកន្លែង និងទីក្រុងចំនួន៤ ក្នុងនោះរួមមានទីក្រុងយុទ្ធសាស្ត្រ Chinshwehaw ដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន។
យ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ មេដឹកនាំរបបសឹក លោក Min Aung Hlaing បានគូសបញ្ជាក់ថារដ្ឋាភិបាលនឹងបើកការវាយបកប្រឆាំងក្រុមប្រដាប់អាវុធ ហើយក៏បានចោទប្រកាន់ និងព្រមានសងសឹកផងដែរទៅនឹង កងទ័ពឯករាជ្យកាជីន Kachin Independence Army (KIA) ជាកងទ័ពជនជាតិភាគតិចក្នុងរដ្ឋ Kachin សម្រាប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងមូលដ្ឋានយោធាមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ចិន វិញបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងរដ្ឋ Shan ជាទីដែលចិនមានគម្រោងសង់ផ្លូវដែកតម្លៃពាន់លានដុល្លារ នៅក្រោមគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ៕
រូបភាពពី AFP