(ហ្កាហ្សា)៖ យោធាអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថាកងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុងហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ទាំងស្រុងហើយ ខណៈកំពុងបង្កើនការវាយលុកប្រឆាំងក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើធ្វើឡើង ដោយអ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari ដែលបានប្រាប់អ្នកសារព័ត៌មានថាកងកម្លាំងអ៉ីស្រាអែលបាន ឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុង ប៉ុន្មានថ្ងៃក្រោយពង្រីកប្រតិបត្តិការវាយលុកតាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ជាការសងសឹកទៅនឹងការវាយប្រហារ លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់។ «ទាហានអ៉ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុងដែល ជាបេះដូងរបស់អង្គការភេរវករហាម៉ាស...គោលគំនិតនៃបទឈប់បាញ់មិនមាននៅលើតុចរចានោះទេក្នុងពេលបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់លោក Daniel Hagari។

ប៉ុន្តែ នៅបន្ទាប់ពីការអះអាងនេះ កងពលតូចអាល់កសឹម (Al-Qassam) របស់ក្រុមហាម៉ាសក៏បានព្រមានដែរថាទាហានឈ្លានពានអ៉ីស្រាអែលនឹងត្រូវត្រឡប់ ទៅផ្ទះវិញ ដោយត្រូវច្រកនៅក្នុងថង់ដាក់សព។

គួរបញ្ជាក់ថា ខណៈអ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកសងសឹកលើតំបន់ហ្កាហ្សា ដែលក្រុមមន្ត្រីហាម៉ាសបញ្ជាក់ថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៩០០០នាក់ សេតវិមានបាននិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុង សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ស្របពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ផ្ដើមបំពេញទស្សនកិច្ចជាថ្មីទៅកាន់អ៉ីស្រាអែល៕

រូបភាពពី Reuters