(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាឥឡូវនេះកើនលើសពី ៩,០០០នាក់ហើយ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩,០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសមានលើសពី ៣២,០០០ នាក់។

លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ១៥ ដង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២៥៦ នាក់ និងរាប់រយនាក់រងរបួស។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សាបាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១០,០០០ គ្រាប់នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់ខ្លួន ហើយវាត្រូវបានគេប៉ាន់ស្មានថា បរិមាណគ្រឿងផ្ទុះដែលអ៊ីស្រាអែលប្រើប្រាស់ គឺលើសពី ២៥,០០០ តោន ឬឈានដល់ប្រមាណ ៧០ តោនក្នុងមួយគីឡូម៉ែត្រការ៉េ។ .

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប និងបានដាក់ការបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា៕

រូបភាពពី AFP