(កៀវ)៖ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រជាជនស៉ីវិលជាង២៦០នាក់ហើយ បានបាត់បង់ជីវិតនៅអ៊ុយក្រែន បន្ទាប់ពីជាន់គ្រាប់មីន ក៏ដូចជាគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត អំលុងសង្រ្គាមដែលអូសបន្លាយរយៈពេល២០ខែជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីក្រុងកៀវបានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល១៧៤,០០០គីឡូម៉ែត្រក្រឡានៃប្រទេសអ៊ុយក្រែន គឺប្រមាណជា១ភាគ៣នៃទឹកដីសរុប អាចគ្របដណ្តប់ទៅដោយគ្រាប់មីន ឬយុទ្ធភណ្ឌគ្រោះថ្នាក់ផ្សេងទៀត។ យោធាអ៊ុយក្រែនបានបន្ថែមថា មនុស្សយ៉ាងហោចចំនួន៥៧១នាក់ ក៏បានរងរបួសផងដែរ អំលុងឧប្បត្តិហេតុជាង៥៦០ករណី ដែលពាក់ព័ន្ធជាមួយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលបន្សល់ទុកពីការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងត្រូវការជាចាំបាច់នូវអ្នកជំនាញដោះមីន។ មកទល់ពេលនេះ អ៊ុយក្រែនមានអ្នកជំនាញប្រហែល៣,០០០នាក់ ប៉ុន្តែនៅត្រូវការប្រហែល ៧,០០០នាក់ថែមទៀត ដើម្បីអាចបោសសំអាតមីនទាំងអស់បាន បើយោងតាមនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal។ ដើម្បីសម្រេចគោលដៅនោះ អ៊ុយក្រែននឹងត្រូវការថវិកាខ្ទង់៣៧ពាន់លានដុល្លារ ដែលខ្លួនកំពុងព្យាយាមរៃអង្គាស ​ជាមួយការជួយជ្រោមជ្រែងពីដៃគូអន្តរជាតិ៕

រូបភាពពី Reuters