(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយ Yonhap ដោយផ្អែកលើប្រភពពីបណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងជើងកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃការត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបចារកម្មយោធាសាជាថ្មី ហើយមានឱកាសទទួលជោគជ័យខ្ពស់ នៅក្នុងការប៉ុនប៉ងលើកទី៣នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៣នេះ កូរ៉េខាងជើងបានព្យាយាមដល់ទី២លើករួចមកហើយ ដើម្បីនាំយកផ្កាយរណបយោធាចារកម្មដំបូងបំផុតរបស់ខ្លួន ទៅដាក់នៅគន្លងអវកាស ប៉ុន្តែបានទទួលបរាជ័យទាំង២លើក។ វាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការពង្រឹងសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង ដែលរួមមានទាំងមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ មីស៉ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក ហើយនិងមីស៉ីលល្បឿនលឿនជាងសំឡេង។
គួរបញ្ជាក់ថា កន្លងមក កូរ៉េខាងជើងធ្លាប់បានប្តេជ្ញា ធ្វើការព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទី៣ កាលពីខែតុលា ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់បានបង្ហាញតំរុយណាមួយ ថាវានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនៅឡើយទេ។ កាលពីខែកញ្ញា លោក គីម ជុងអ៊ុន បានទៅជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ជាទីដែលរូបលោកបានដើរទស្សនា មូលដ្ឋានបាញ់បង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៉ី ជាហេតុនាំឱ្យមានការសង្ស័យថា ទីក្រុងមូស្គូអាចនឹងជួយកម្មវិធីវិស័យអវកាស របស់លោក គីម ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើង ឱ្យទីក្រុងមូស្គូ៕
រូបភាពពី Reuters