(តៃប៉ិ)៖ យោធាជើងទឹកអាមេរិកបានឱ្យដឹងថា នាវាចម្បាំងអាមេរិក១គ្រឿងប្រភេទ destroyer ឈ្មោះ USS Rafael Peralta និងនាវាចម្បាំងកាណាដា១គ្រឿងប្រភេទ frigate ឈ្មោះ HMCS Ottawa ទើបតែធ្វើដំណើររួមគ្នាជាថ្មីម្តងទៀត ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា នាវាចម្បាំងទាំង២គ្រឿងខាងលើ បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងទិសដៅឆ្ពោះទៅខាងជើង កាលពីយប់ថ្ងៃពុធ ហើយបានបន្ថែមថា ខ្លួនបានតាមដានសកម្មភាព ហើយឃើញថាស្ថានការណ៍គឺប្រក្រតីជាធម្មតា។ រីឯយោធាចិន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ភាគីចិនក៏បានតាមឃ្លាំមើល ការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងអាមេរិក-កាណាដា ផងដែរ ហើយបានចាត់ចែងស្ថានការណ៍ ដោយស្របតាមច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ។
គួរបញ្ជាក់ថា វាគឺជាការធ្វើដំណើរួមគ្នាលើកទី៣ហើយ រវាងនាវាចម្បាំងអាមេរិកនិងកាណាដា នៅច្រកសមុទ្រតៃវ៉ាន់ គិតចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។ កងទ័ពជើងទឹកអាមេរិក និងកាណាដា បានធ្វើសកម្មភាពស្រដៀងគ្នាកាលពីខែកញ្ញា។ ដោយឡែក កាលពីមិថុនា ក្រោយការធ្វើបេសកកម្មរួមគ្នាលើកដំបូងនៅតំបន់នោះ កងទ័ពជើងទឹកអាមេរិក បានបញ្ចេញវីដេអូមួយ បង្ហាញពីអ្វីដែលខ្លួនហៅថា ជាការធ្វើអន្តរកម្មដោយគ្មានសុវត្ថិភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចម្បាំងចិន១គ្រឿង បានបើកកាត់មុខនាវាចម្បាំងអាមេរិក។ ខាងក្រសួងការបរទេសចិនបាននិយាយថា ចំណាត់ការរបស់យោធាចិន គឺសមហេតុសមផល ស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមានសុវត្ថិភាពទាំងស្រុង៕